អ្នកមានជាងគេបង្អស់ក្នុងពិភពលោក បានឱ្យដឹងថា លោកបានបរិច្ចាគភាគហ៊ុន Tesla ជាង ៥ លានហ៊ុន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។
យោងតាមឯកសារដែលបានបញ្ជូនទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុន Tesla ជាង ៥ លានហ៊ុន នៅក្នុងអំឡុងពេលចន្លោះពីថ្ងៃទី ១៩ វិច្ឆិកា ដល់ ២៩ វិច្ឆិកា ២០២១។ ភាគហ៊ុនទាំងនេះមានតម្លៃ ៥.៧ ពាន់លានដុល្លារអាម៉េរិក បើគិតទៅតាមតម្លៃមធ្យមនៅក្នុងដំណាក់កាលនោះ។
នេះគឺជាខ្ទង់បរិច្ចាគដ៏សម្បើមមួយនៅក្នុងប្រវត្តិសាស្ត្រ។ ឈ្មោះនៃអង្គការដែលបានទទួលការបរិច្ចាគនេះ មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។
ខ្ទង់បរិច្ចាគខាងលើត្រូវបានធ្វើឡើងចំពេលមានសង្គ្រាមពាក្យសម្ដីរវាងលោក Elon Musk និងអ្នកនយោបាយអាម៉េរិក ទាក់ទិននឹងវិសមភាពនៃប្រាក់ចំណូល និងអត្រាពន្ធលើទ្រព្យសម្បត្តិ។
Bloomberg បានគណនាឃើញថា ប្រាក់ពន្ធដែលលោក Musk ត្រូវបង់ជូនរដ្ឋ គឺប្រមាណ ១០ ពាន់លានដុល្លារ ដោយយោងទៅលើសិទ្ធិជ្រើសទិញភាគហ៊ុនក្នុងតម្លៃទាបជាងទីផ្សារដែលលោកបានធ្វើឡើងកាលពីឆ្នាំកន្លង។
ប៉ុន្មានឆ្នាំមកនេះ លោក Musk បានធ្វើសកម្មភាពមនុស្សធម៌ញឹកញាប់ជាងមុន។ លោកធ្លាប់បានផ្ដល់ជំនួយ ១០០ លានដុល្លារដល់ការប្រកួតប្រជែងកាត់បន្ថយកាបូន និងជូន ៥ លានដុល្លារដល់អ្នកវិទ្យាសាស្ត្រដែលមានការស្រាវជ្រាវទាក់ទងនឹងកូវីដ-១។ល។
លោក Musk បច្ចុប្បន្នគឺជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ដោយមានទ្រព្យ ២២៧ ពាន់លានដុល្លារអាម៉េរិក នេះបើតាម Bloomberg Billionaires Index៕