(សហរដ្ឋអាម៉េរិក)-យោងតាមការស្ទង់មតិប្រចាំឆ្នាំដែលត្រូវបានប្រកាសនាថ្ងៃនេះដោយសម្ព័ន្ធជាតិលក់រាយ និង Prosper Insights & Analytics ជាមធ្យម មនុស្សម្នាក់គ្រោងនឹងចំណាយ ១៧៥.៤១ ដុល្លារអាម៉េរិក សម្រាប់អំណោយនៅក្នុងទិវានៃក្ដីស្រលាញ់។
ការស្រាវជ្រាវរបស់សម្ព័ន្ធជាតិលក់រាយ និង Prosper Insights & Analytics បានឱ្យដឹងថា ការចំណាយសម្រាប់ទិវានៃក្ដីស្រលាញ់ នឹងឡើងដល់ ២៣.៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ខណៈឆ្នាំ ២០២១ តួលេខនេះត្រឹមតែ ២១.៨ ពាន់លានដុល្លារ។
«ទិវានៃក្ដីស្រលាញ់ គឺជាឱកាសពិសេសសម្រាប់ពលរដ្ឋអាម៉េរិកភាគច្រើន។ ជាងនេះទៀត នៅពេលយើងបានចាកផុតពីវិបត្តិកូវីដ-១៩ ក្រុមលក់រាយបានត្រៀមរួចរាល់ដើម្បីជួយពួកគេឱ្យទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន និងមានន័យជ្រៅ នៅក្នុងទិវានេះ» លោក Matthew Shay ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ NRF (National Research Foundation) បានថ្លែងដូច្នេះ។
ជាក់ស្ដែង ជាងពាក់កណ្ដាល (៥៣%) នៃអ្នកប្រើប្រាស់នៅ សហរដ្ឋអាម៉េរិក មានគម្រោងប្រារព្ធពិធីអនុស្សាវរីយ៍នៅឆ្នាំ ២០២២ ដែលតួលេខនេះខ្ពស់ជាងបន្តិច ធៀបនឹង ៥២% ក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ប្រហែល ៧៦% ក្នុងចំណោមអ្នកដែលមានគម្រោងប្រារព្ធខួបអនុស្សាវរីយ៍ យល់ថា នេះគឺជារឿងសំខាន់ដែលត្រូវធ្វើ ពិសេសគឺនៅក្នុងស្ថានការណ៍នៃជំងឺរាតត្បាតនេះ។
យោងតាមការស្ទង់មតិ មនុស្សម្នាក់មានគម្រោងចំណាយជាមធ្យម ១៧៥.៤១ ដុល្លារអាម៉េរិក សម្រាប់កាដូនៅក្នុងទិវានៃក្ដីស្រលាញ់។ ចំនួននៃការចំណាយនេះ កើនឡើងបន្តិច ធៀបនឹង ១៦៤.៧៦ ដុល្លារ កាលពីឆ្នាំ ២០២១។
ចំណែកកាដូដែលនឹងត្រូវបាននិយមបំផុតនៅក្នុងឆ្នាំនេះ រួមមានដូចជា ស្ករគ្រាប់ (៥៦%), លិខិតជូនពរ (៤០%) និង ផ្កា (៣៧%)។ ប្រមាណជា ៣១% នៃអ្នកដែលត្រូវបានស្ទង់មតិ ឆ្លើយថា នឹងទទួលទានអាហារក្នុងរាត្រីទិវានៃក្ដីស្រលាញ់ប្រកបដោយរ៉ូមេនទិច ខណៈតួលេខនេះកាលពីឆ្នាំ ២០២១ មាន ២៤%។
ទន្ទឹមនឹងនេះ ជិត ២២% នៃអ្នកត្រូវបានសួរ ប្រាប់ថា នឹងជ្រើសរើសគ្រឿងអលង្ការជូនមនុស្សពិសេស។ ការចំណាយសម្រាប់កាដូជាគ្រឿងអលង្ការឆ្នាំនេះ ត្រូវបានគណនាឃើញថា ប្រហែល ៦.២ ពាន់លានដុល្លារ ខ្ពស់ជាងច្រើន ធៀបនឹង ៤.១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១ និងជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
«បើទោះជាកាដូជាប្រពៃណីនៅក្នុងទិវានៃក្ដីស្រលាញ់ ដូចជា ស្ករគ្រាប់ និងផ្កាជាដើម ហាក់នៅតែជាអំណោយទាន់សម័យ ប៉ុន្តែ អ្នកជូន និងអ្នកទទួលសុទ្ធតែមានអារម្មណ៍ថា មានផាសុកភាពជាង នៅពេលបានទៅបរិភោគអាហារពិសេស ឬចូលរួមទទួលយកបទពិសោធន៍ថ្មី ធៀបនឹងឆ្នាំមុន» លោក Philips Rist នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Prosper Insights បញ្ជាក់ដូច្នេះ៕