យោងតាមសារព័ត៌មាន Sputniknews អាជ្ញាធរការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងសុខភាពមនុស្ស របស់ សហព័ន្ធរុស្ស៊ី (Rospotrebnadzor) បង្ហើបឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺឆ្លងរបស់ខ្លួន បានអភិវឌ្ឍបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យរកឃើញវីរុស SARS-CoV-2 ក្នុងដំណាក់កាលដំបូងបំផុត បន្ទាប់ពីបានឆ្លងមកមនុស្សម្នាក់ នៅពេលកំហាប់វីរុសស្ថិតក្នុងកម្រិតទាបបំផុត។
ក្នុងស្ថានការណ៍កូវីដ-១៩ កំពុងរាតត្បាត កម្រិតប្រសិទ្ធភាពនៃឧបករណ៍ធ្វើតេស្តសំណាក និងការដែលឆាប់ប្រមូលបានលទ្ធផលគឺជាកត្តាសំខាន់បំផុតរបស់ប្រព័ន្ធវិនិច្ឆយរោគ។ បច្ចេកវិទ្យាថ្មីរបស់ Rospotrebnadzor មានសមត្ថភាពឆ្លើយតបនឹងតម្រូវការទាំងអស់ខាងលើនេះ។
សមាជិកម្នាក់នៃក្រុមស្រាវជ្រាវខាងលើ បានប្រាប់ថា របកគំហើញនេះអាចក្លាយជាមូលដ្ឋានសម្រាប់ប្រព័ន្ធវិនិច្ឆយរោគរហ័សនៅនឹងកន្លែងអ្នកជំងឺ ឬគោលដៅធ្វើតេស្ត។ ប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យានេះនឹងមិនត្រូវការឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ ដូច្នេះ ការចំណាយក្នុងការផលិតឧបករណ៍ធ្វើតេស្តនឹងទាប តែផ្ដល់លទ្ធផលបានយ៉ាងលឿន ជួយឱ្យមានការព្យាបាលទាន់ពេល។
បច្ចុប្បន្ន បច្ចេកវិទ្យារបស់ Rospotrebnadzor ត្រូវបានចុះបញ្ជិកានៅការិយាល័យផ្ដល់ប័ណ្ណកម្មសិទ្ធិបញ្ញារបស់ រុស្ស៊ី (Rospatent) រួចហើយ។
របកគំហើញរបស់ក្នុងអ្នកវិទ្យាសាស្ត្ររុស្ស៊ីនេះគឺទាក់ទងទៅនឹងបច្ចេកទេសតំណពូជ និងបច្ចេកវិទ្យាជីវសាស្ត្រ ដោយយោងទៅលើ ម៉ូលេគុល RNA នាំផ្លូវ (Guide RNA/gRNA) នឹងអាចត្រូវបានប្រើក្នុងប្រព័ន្ធ CRISPR-Cas14 ដើម្បីស្វែងរក RNA របស់ វីរុសកូវីដ-១៩ ប្រកបដោយភាពទាន់ចិត្ត៕