Paris Saint-Germain នឹងចាប់ផ្តើមការប្រមាញ់រកជ័យជម្នះរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Celtic នៅរាត្រីនេះ ក្រោមជំនួយដ៏ធំពីសំណាក់តារាឆ្នើម Neymar និង Kylian Mbappe។ ក្លិបយក្សរបស់បារាំងមួយនេះ សង្ឃឹមថា ការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ អាចជួយឲ្យពួកគេសម្រេចបាននូវក្តីសុបិនរបស់ម្ចាស់ក្លិបសញ្ជាតិកាតា តាមរយៈការឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប។
PSG បានឆ្លើយតបទៅនឹងការខកចិត្តរបស់ពួកគេដោយការបាត់បង់ពាន Ligue 1 ក្រោមស្នាដៃក្រុម Monaco និងការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Barcelona តាមរយៈការជះលុយជាកំណត់ត្រាពិភពលោកចំនួន222លានអឺរ៉ូ (ស្មើនឹង264លានដុល្លារអាមេរិក) ដើម្បីទិញយក Neymar ពី Barca។
បើទោះបីការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់សេដ្ឋីសញ្ជាតិកាតាបានជួយឲ្យ PSG ឈ្នះពានក្របខ័ណ្ឌកំពូលបារាំងជាលើកទី4ជាប់ៗគ្នាចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2016 ក៏ដោយ ប៉ុន្តែពួកគេមិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំក្នុងក្របខ័ណ្ឌអឺរ៉ុបឡើយ។ ការបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែមួយលើក និងជាលើកចុងក្រោយរបស់ក្រុម PSG បានកើតឡើងកាលពីឆ្នាំ1999 មុននឹងធ្លាក់ចេញត្រឹមតែ8ក្រុមចុងក្រោយ 4លើកជាប់ៗគ្នា ក៏ដូចជាចាញ់ក្នុងលទ្ធផល 6-1 ក្នុងការប្រកួតជើងទី2នៅលើទឹកដីក្រុម Barcelona បើទោះបីបានផ្តួលក្រុម Barca លើទឹកដីខ្លួនឯង 4-០ កាលពីដើមឆ្នាំនេះក៏ដោយ។
ប៉ុន្តែ ក្រោយពី PSG បានធ្វើការពង្រឹងក្រុមតាមរយៈការនាំយក Neymar និង Mbappe ក្តីសង្ឃឹមផ្សេងៗជុំវិញក្រុមរបស់លោក Unai Emery ពិតជាស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់។ ក្រោយពីក្រុមខ្លួនបានយកឈ្នះលើ Metz 5-1 ក្នុងការប្រកួតលីកកាលពីថ្ងៃសុក្រ ខ្សែការពារ Thomas Meunier បានឲ្យដឹងថា៖ «យើងត្រៀមលក្ខណៈបានល្អប្រសើរជាងពីមុនក្នុង Champions League។ យើងស្ថិតក្នុងពូលដ៏ល្អ ហើយយើងអាចមើលឃើញថា នៅថ្ងៃនេះ យើងមានរាល់ជម្រើសទាំងអស់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24