វិបត្តិបំណុល ការដាក់ខ្លួនឱ្យដាច់ដោយឡែកពីខាងក្រៅ និងចំនួនប្រជាជនចេះតែថយចុះ គឺជាកត្តាដែលអាចក្លាយជាឧបសគ្គដែលរារាំង ចិន នៅលើវិថីក្លាយជាមហាយក្សសេដ្ឋកិច្ចទីមួយរបស់ពិភពលោក។
បើតាមនិន្នាការបច្ចុប្បន្ន ប្រទេសចិន នឹងយកឈ្នះ សហរដ្ឋអាម៉េរិក ហើយដណ្ដើមបានតំណែងលេខ ១ នៅក្នុងចំណោមប្រទេសមហាយក្សសេដ្ឋកិច្ចពិភពលោក ក្រោយរយៈពេលប្រហែល ១ ទសវត្សរ៍ទៀត។ ក៏ប៉ុន្តែ ពុំមានអ្វីដែលអាចធានាបាននូវការរំពឹងទុកនេះ។
យោងតាម Bloomberg កត្តាដែលបាននិយាយខាងដើម អាចធ្វើឱ្យ ប្រទេសចិន នៅតែឈរលំដាប់លេខ ២ បន្ទាប់ពី សហរដ្ឋអាម៉េរិក។ Bloomberg Economics បានបង្កើតរូបមន្តស្ដីពី សេណារីយ៉ោ ចំនួន ៣ ដែលអាចកើតមានឡើងនៅ ប្រទេសចិន។
សេណារីយ៉ោ ទីមួយ គឺជា សេណារីយ៉ោ ដែលអាចទៅរួចសម្រាប់ ប្រទេសចិន៖ ប្រទេសនេះនឹងយកឈ្នះលើ សហរដ្ឋអាម៉េរិក នៅឆ្នាំ ២០៣០។
កំណែទម្រង់ថ្មី និងការច្នៃប្រឌិត គឺជាកត្តាសំខាន់ដើម្បីជំរុញឱ្យមានការរីកចម្រើន និងដោយមានប្រភពវិនិយោគធំសម្រាប់វិស័យស្រាវជ្រាវ អភិវឌ្ឍជាដើម ប្រទេសចិន កំពុងតែលេចធ្លោជាងគេបង្អស់។ ដូច្នេះ ចិន មានលទ្ធភាពអាចផ្ដួល អាម៉េរិក ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីមួយក្នុងពិភពលោក។
សេណារីយ៉ោ ទីពីរ គឺវិបត្តិហិរញ្ញវត្ថុ។ នៅពេលដែល ប្រទេសជប៉ុន ស្វែងរកវិធីដើម្បីក្លាយជាមហាយក្សសេដ្ឋកិច្ចនាំមុខគេ ប្រទេសនេះបានធ្លាក់ទៅក្នុងវិបត្តិបំណុល។ ប្រការដូចគ្នានេះក៏អាចកើតឡើងចំពោះ ប្រទេសចិន។ ស្ថានភាពបំណុលកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ ២០០៨ នៅ ប្រទេសចិន គឺជាសញ្ញាប្រកាសអាសន្នកម្រិតពណ៌ក្រហម។
បណ្ដាខឿនសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាម៉េរិក ជាដើម មានបំណុលខ្ពស់ ប៉ុន្តែ ពួកគេបានឈានដល់ដំណាក់កាលរកចំណូលបានក្នុងកម្រិតខ្ពស់។ ឥណ្ឌា និងបណ្ដាប្រទេសដែលមានចំណូលទាប បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍ និងរីកចម្រើន។ ចំណែកចំណូលទាប និងបំណុលខ្ពស់របស់ ចិន ធ្វើឱ្យប្រទេសនេះ ធ្លាក់ទៅក្នុងស្ថានការណ៍លំបាក។
ករណីវិបត្តិបំណុលរបស់ក្រុមហ៊ុន Evergrande Group និងបញ្ហាជាច្រើនដែលកើតឡើងលើបណ្ដាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅ ប្រទេសចិន បានបង្ហាញថា ប្រទេសនេះមានគ្រឹះមិនរឹងមាំ។ លទ្ធផលគឺថា ចិន អាចធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យល្បឿននៃកំណើនសេដ្ឋកិច្ចត្រូវថយចុះ នាំឱ្យជាប់នៅក្នុងលំដាប់ទីពីរដដែល។
សេណារីយ៉ោ ទីបី គឺ ល្បឿននៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ មិនចាំបាច់មានវិបត្តិហិរញ្ញវត្ថុ ក៏ការលោតឡើងរបស់ ចិន នៅតែអាចត្រូវបានបន្ថយល្បឿន។ ការរួមផ្សំរវាងកត្តាមួយចំនួនដូចជា ការដាក់ខ្លួនដោយឡែកពីពិភពខាងក្រៅ ឧបសគ្គទាក់ទងនឹងប្រជាសាស្ត្រ និងចំណុចអវិជ្ជមានក្នុងការគ្រប់គ្រង អាចបង្កឱ្យមានផលប៉ះពាល់ដូចគ្នា។
សង្គ្រាមពាណិជ្ជកម្មរវាង ចិន-អាម៉េរិក លែងនៅជារឿងក្ដៅគគុកដូចមុន ប៉ុន្តែ អត្រាពន្ធដែល អាម៉េរិក អនុវត្តចំពោះ ប្រទេសចិន នៅតែខ្ពស់។ ស្ថានការណ៍នៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីអន្តរជាតិ ពិសេសគឺបញ្ហាដែលកើតឡើងដោយសារ កូវីដ-១៩ បូករួមនឹងរនាំងនៃទីផ្សារសកល និងបច្ចេកវិទ្យា អាចកាត់បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ ប្រទេសចិន បានដែរ។
ចិន មានកម្មវិធីវិបុលភាពរួម ក្នុងបំណងដោះស្រាយបញ្ហាវិសមភាពនានានៅក្នុងទីផ្សារ ប៉ុន្តែ វាក៏ជាការសំពងមួយយ៉ាងធ្ងន់ធ្ងន់ទៅលើវិនិយោគិន។
ការបញ្ចប់គោលនយោបាយកូនមួយគឺជាក្ដីសង្ឃឹមរបស់ ប្រទេសចិន ប៉ុន្តែ ចំនួនប្រជាជនក្នុងវ័យពលកម្មដែលចេះតែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ នឹងជាកម្លាំងរារាំងដល់កំណើនសេដ្ឋកិច្ច។
ជាលទ្ធផល ប្រទេសចិន អាចធ្លាក់ចូលទៅក្នុងផ្លូវដែលមានកំណើនសេដ្ឋកិច្ចយឺតជាងបច្ចុប្បន្ន ហើយត្រូវដេញតាមឱ្យទាន់ សហរដ្ឋអាម៉េរិក ប៉ុន្តែ មិនអាចតាមពីក្រោយក្នុងគម្លាតឆ្ងាយ៕