(សហរដ្ឋអាម៉េរិក)-ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍកោសិកាចំនួន ៧៣,០០០ គ្រាប់ដែលយកពីកោសិកាដើមរបស់បេះដូងមនុស្ស ឱ្យទៅជារូបរាងត្រី អាចហែលបានដោយពឹងលើការកន្ទុយដែលបក់ទៅតាមចង្វាក់លោត។
ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard កំពុងរកវិធីបង្កើតបេះដូងសិប្បនិម្មិតអភិវឌ្ឍពីកោសិកាដើមរបស់បេះដូង សម្រាប់ករណីចាំបាច់ ព្រោះតែកង្វះនៃការបរិច្ចាគបេះដូង។ បើទោះជាត្រូវចំណាយពេលយូរអង្វែងទៀតទើបអាចសម្រេចបាន ប៉ុន្តែ បច្ចុប្បន្ន ពួកគេអាចអភិវឌ្ឍបណ្ដាកោសិកាឱ្យទៅជាឧបករណ៍កូនកាត់ជីវសាស្ត្រដែលមានរូបរាងដូចត្រី។
នេះគឺជាឧបករណ៍កូនកាត់ជីវសាស្ត្រស្វ័យប្រវត្តដំបូងដែលធ្វើអំពីកោសិកាបេះដូងដែលបានអភិវឌ្ឍពីបណ្ដាកោសិកាដើមរបស់មនុស្ស។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានប្រកាសនៅលើទស្សនាវដ្ដី Science កាលពីថ្ងៃទី ១០ កុម្ភៈ។
ឧបករណ៍នេះត្រូវបានគេហៅថា ប្រភេទកូនកាត់ជីវសាស្ត្រ ព្រោះតែវាជាការរួមផ្សំរវាងបណ្ដាកោសិការបស់មនុស្ស និងវត្ថុធាតុមិនមែនជាជីវសាស្ត្រ ដោយដងខ្លួនរបស់វាធ្វើអំពីក្រដាស ចំណែក «អាវពោង» របស់វា ធ្វើអំពីជ័រ។ ឧបករណ៍ថ្មីនេះ មិនមានអ្វីមួយដែលត្រូវបានយកមកពីត្រីពិតនោះទេ។
ចំណុចពិសេសរបស់បេះដូងគឺចង្វាក់លោត ហើយបណ្ដាកោសិការបស់វាក៏ដំណើរការគ្នានេះដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រែក្លាយកោសិកាដើមចំនួន ៧៣,០០០ កោសិកា ឱ្យទៅជាកោសិកាបេះដូង រួចដាក់ពួកវាទៅក្នុងរចនាសម្ព័ន្ធមួយដែលមានរាងដូចត្រី ដោយមានកោសិកាសាច់ដុំចំនួន ២ ស្រទាប់នៅត្រង់សងខាងកន្ទុយ។ កោសិកាសាច់ដុំទាំងនេះ ផ្ទុកប្រូតេអ៊ីនរីទីណា (retinal protein) ដែលមានភាពរសើប ឬរំញោចខ្លាំងជាមួយនឹងពណ៌របស់ពន្លឺផ្សេងៗគ្នា។
ដោយការផ្លាស់ប្ដូរពណ៌របស់ពន្លឺ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើឱ្យកោសិកាសាច់ដុំទាំងសងខាងកន្ទុយ លោតមិនស្របគ្នា ដោយម្ខាងរួញចូល ខណៈម្ខាងទៀតលាចេញ បណ្ដាលឱ្យកន្ទុយរបស់ត្រីសិប្បនិម្មិតនេះ ម្ដងបក់ទៅខាងស្ដាំ និងម្ដងបក់ទៅខាងឆ្វេង។ ចលនានេះរុញច្រានត្រីឱ្យទៅមុខ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា កោសិកានានាអាចរក្សាចលនានេះរយៈពេល ១០៨ ថ្ងៃ នៅពេលហែលក្នុងធាតុរាវអំបិលដែលសម្បូរគ្លុយកូស។