មួយរយៈថ្មីៗនេះ អ្នកនាង Angelina Jolie និងកូនៗទាំង 6 នាក់ បានចូលរួមកម្មវិធីសម្ពោធភាពយន្ដរបស់អ្នកនាងគឺរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” យ៉ាងកក្រើកនៅលើទឹកដីសហរដ្ឋអាមេរិក។
តែអ្វីដែលកាន់តែចម្លែកទៅទៀតនោះគឺ នៅថ្ងៃទី11 ខែកញ្ញា សារព័ត៌មាន Daily mail បានចេញផ្សាយឱ្យដឹងថា តារាសម្ដែងវ័យ 42 ឆ្នាំរូបនេះបានទៅចូលរួមកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិ Toronto Film Festival យ៉ាងញញឹមញញែមខុសប្លែកពីធម្មតាក្នុងពេលបង្ហាញវត្តមានតាមរយៈភាពយន្ដគំនូរជីវចលគឺរឿង “The Breadwinner” ដែលជារឿងនិយាយអំពីជីវិតរបស់ក្មេងអាហ្វហ្គានីស្ថាន ដែលមានសាច់រឿងជីវិតស្រដៀងនឹងកូនស្រីចិញ្ចឹមរបស់អ្នកនាងដែលមានអាយុ12 ឆ្នាំ គឺនាងតូច សាហារ៉ា ដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនោះ តារាស្រីរូបនេះ ហាក់បីដូចជាមានអារម្មណ៍សប្បាយចិត្តខុសប្លែកពីធម្មតាយ៉ាងគួរឱ្យកត់សម្គាល់ ព្រោះថា ក្រៅពីឱបក្រសោបកូនៗហើយ អ្នកនាងបានចូលរួមរាក់ទាក់ជាមួយអ្នកគាំទ្រ និងបើកចិត្តទូលាយរីករាយក្នុងការថតរូបជាមួយគ្នាទៀតផងដែរ។ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកនាងបានធ្វើឱ្យមហាជនគិតថា ខណៈដែលអ្នកនាងត្រូវគ្នាវិញជាមួយអតីតស្វាមីគឺលោក Brad Pitt ហើយនោះ អ្នកនាងមានអារម្មណ៍ប្រសើរជាងមុន និងមិនសូវខ្វល់ខ្វាយពីបញ្ហាគ្រួសារដូចមុនទៀតឡើយ ទំនងជាមានសេចក្ដីសុខដូចគ្រារួមរស់ជាមួយនឹងគ្នាវិញ៕