ប្រាក់ចំណូលរបស់ Pfizer ត្រូវបានព្យាករថា នឹងកើនឡើងខ្ពស់ខ្លាំងក្នុងឆ្នាំនេះ ក្នុងនោះ វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ កូវីដ-១៩ មានរហូតដល់ជាងពាក់កណ្ដាលឯណោះ។
ក្រុមហ៊ុនផលិតឱសថអាម៉េរិក Pfizer បានឱ្យដឹងថា ការកើនឡើងនៃបរិមាណលក់ចេញរបស់ វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ កូវីដ-១៩ នឹងបន្តជំរុញឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ ឡើងដល់ ១០០ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២២។ ថ្នាំប្រឆាំងវីរុស Paxlovid នឹងរកចំណូលបានប្រហែល ២២ ពាន់លានដុល្លារ ខណៈដែល វ៉ាក់សាំង រកបាន ៣២ ពាន់លានដុល្លារ។ កាលពីឆ្នាំទៅ Paxlovid រកប្រាក់ចំណូលបាន ៧៦ លានដុល្លារ ចំណែក វ៉ាក់សាំង រកបាន ៣៦.៨ ពាន់លានដុល្លារ។
ថ្មីៗនេះ ក្រុមហ៊ុន Pfizer បានទិញ និងសហការជាមួយក្រុមហ៊ុនមួយចំនួន ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការផ្គត់ផ្គង់ថ្នាំ និង វ៉ាក់សាំង របស់ពួកគេ។ កាលពីខែធ្នូ ២០២១ Pfizer បានឱ្យដឹងថា នឹងទិញយកក្រុមហ៊ុន Arena Pharmaceuticals ក្នុងតម្លៃ ៦.៧ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះក៏បានវិនិយោគ ២៥ ពាន់លានដុល្លារផងដែរ ទៅក្នុងការពង្រីកទីផ្សារចាប់តាំងពីឆ្នាំ ២០១៩។
Pfizer នឹងអនុវត្តយុទ្ធសាស្ត្រទិញរបស់ខ្លួន នៅក្នុងវិស័យឱសថព្យាបាលជំងឺក្នុងដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ ដូចជា មហារីក ប្រព័ន្ធភាពស៊ាំ និងបណ្ដាជំងឺកម្រជួបផ្សេងៗទៀត។
ក្រុមហ៊ុនដែលមានការិយាល័យកណ្ដាលនៅ សហរដ្ឋអាម៉េរិក នេះ ក៏បានព្យាករថា ការទិញដូរក្រុមហ៊ុនថ្មីៗនឹងបង្កើតឱ្យមានចំណូលបន្ថែម ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០៣០។
ភាគហ៊ុនរបស់ Pfizer បានថយចុះជាង ៤% កាលពីម្សិលម្ង៉ៃ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសរបាយការណ៍ហិរញ្ញវត្ថុ។ មូលហេតុនៃការថយចុះនេះគឺដោយសារប្រាក់ចំណេញត្រូវបានព្យាករទាបជាងការរំពឹងទុករបស់ក្រុមអ្នកវិនិយោគ នេះបើតាមអ្នកវិភាគ Umer Raffat នៃក្រុមហ៊ុន Evercore ISI។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Pfizer លោក Frank D’Amelio បានឱ្យដឹងថា អត្រាប្រាក់ចំណេញលើភាគហ៊ុន (EPS) ពី ៦.៣៥ ដល់ ៦.៥៥ ដុល្លារ គឺជាកម្រិតខ្ពស់បំផុតរួចហើយសម្រាប់ពួកគេ។ ទន្ទឹមនឹងនេះ Pfizer ក៏បានបញ្ជាក់ថា ការព្យាករក្នុងឆ្នាំនេះ រួមបញ្ចូលតែបណ្ដាកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួចរាល់តែប៉ុណ្ណោះ។ ក្រុមហ៊ុនកំពុងពិភាក្សាជាមួយប្រទេសជាង ១០០ អំពីថ្នាំ Paxlovid។ ដូច្នេះ ប្រាក់ចំណូលអាចនឹងខ្ពស់ជាងមុន ២២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ បើសិនពួកគេមានកិច្ចព្រមព្រៀងបន្ថែមទៀត៕