ក្លិប Crystal Palace កាលពីថ្ងៃចន្ទ បានបណ្តេញអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Frank de Boer ចេញពីតំណែង ក្រោយពីចាប់ផ្តើមមិនបានល្អក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោយពីពួកគេបានចាញ់រាល់ការប្រកួតបើកឆាកទាំង 4លើក ដោយមិនបានរកគ្រាប់បាល់បញ្ចូលទីសូម្បីតែ 1គ្រាប់។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងលីកមួយនេះ កំពុងតែទាក់ទងជាមួយនឹងលោក Roy Hodgson ដើម្បីតែងតាំងជំនួសកន្លែងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ។
ក្លិប Crystal Palace បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Crystal Palace បានសម្រេចចែកផ្លូវជាមួយនឹងអ្នកចាត់ការទូទៅគឺលោក Frank de Boer ហើយកាលពីព្រឹកមិញនេះ»។ ក្លិប Crystal បានឲ្យដឹងទៀតថា៖ «យើងសូមថ្លែងអំណរគុណដល់លោក Frank សម្រាប់ការលះបង់របស់លោក និងការខិតខំព្យាយាមធ្វើការរបស់លោកអំឡុងពេលលោកចំណាយពេលនៅក្នុងក្លិបនេះ។ អ្នកចាត់ការទូទៅថ្មីម្នាក់នឹងត្រូវតែងតាំងក្នុងពេលឆាប់ៗនេះ ហើយយើងសូមជូនពរឲ្យលោក Frank ជួបតែសំណាងល្អបំផុតនៅថ្ងៃអនាគត»។
លោក De Boer វ័យ 47ឆ្នាំ ដែលការដឹកនាំបានត្រឹមតែ4ប្រកួតរបស់លោកនោះគឺជាចំនួនដ៏តិចបំផុតក្នុងក្របខ័ណ្ឌ Premier League របស់អ្នកចាត់ការទូទៅម្នាក់ បានឲ្យដឹងនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា លោកពិតជាសោកស្តាយណាស់ចំពោះការសម្រេចចិត្តនេះ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ពិតជាខកចិត្តណាស់ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែ ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករ បុគ្គលិក និងអ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ។ សូមឲ្យសំណាងល្អទៅថ្ងៃអនាគត»៕
ប្រភពពី៖ AFP