រូបិយវត្ថុឌីជីថលវិមជ្ឈការ នៅ ប្រទេសថៃ នឹងមិនមានសិទ្ធិស្របច្បាប់សម្រាប់ការប្រើប្រាស់ដើម្បីទូទាត់ ប៉ុន្តែ អាចជួញដូរក្នុងទម្រង់ជាទ្រព្យនៅលើថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីរដ្ឋ។
ធនាគារជាតិរបស់ ប្រទេសថៃ (BoT) បានឱ្យដឹងថា កំពុងធ្វើសេចក្ដីព្រាងការកំណត់ដើម្បីទប់ស្កាត់ Bitcoin និងបណ្ដាប្រាក់ឌីជីថលដទៃទៀត ដែលត្រូវបានគេប្រើប្រាស់ក្នុងការទូទាត់។ ស្ថាប័ននេះយល់ថា ការប្រែប្រួលខ្លាំងរបស់ពួកវា នឹងបង្កឱ្យមានហានិភ័យ និងធ្វើឱ្យអ្នកលក់ និងអ្នកទិញត្រូវខាតបង់។
អ្នកដែលត្រូវបានរកឃើញថា បានបំពានការកំណត់ បើទោះជាអ្នកទិញ ឬអ្នកលក់ក៏ដោយ នឹងត្រូវបានពិន័យជាប្រាក់ចំនួន ៣០០,០០០ បាត (ប្រហែល ៩,០០០ ដុល្លារអាម៉េរិក) បូកជាមួយនឹង ១០,០០០ បាតសម្រាប់ ១ ថ្ងៃ បើសិនពួកគេបន្តល្មើសនឹងការកំណត់។
តាមគម្រោង ការកំណត់ថ្មីនេះនឹងត្រូវបានអនុវត្តចាប់ពីពាក់កណ្ដាលចុងខែកុម្ភៈ ២០២។ ឥរិយាបថរបស់ ថៃ ត្រូវបានគេយល់ថា នឹងរឹតត្បិតការផ្ទុះឡើងនៃនិន្នាការប្រើប្រាស់រូបិយវត្ថុឌីជីថលនៅប្រទេសនេះ ក្នុងគ្រាដែលតម្លៃ Bitcoin កំពុងធ្លាក់ចុះ។
កាលពីចុងឆ្នាំ ២០២១ BoT និង គណៈកម្មការមូលបត្រ (SEC) បានអនុញ្ញាតឱ្យទិញ លក់ និងដោះដូរប្រាក់ឌីជីថល នៅលើថ្នាលបច្ចេកវិទ្យាហិរញ្ញាវត្ថុទាំងឡាយណាដែល SEC បានផ្ដល់ការយល់ព្រម។
នៅ ប្រទេសថៃ មានថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុដោះដូរប្រាក់ឌីជីថល ចំនួន ៨ មានលិខិតអនុញ្ញាតរបស់ SEC រួមមានទាំង Bitkub ដែលគ្រប់គ្រងដោយធនាគារពាណិជ្ជ Siam (SCB) ផងដែរ។
Nares Laopannarai អគ្គលេខាសមាគមទ្រព្យឌីជីថលថៃ យល់ថា ការប្រកាសថ្មីបំផុតនេះរបស់ BoT បានបណ្ដាលឱ្យក្រុមហ៊ុនធំៗត្រូវរងសម្ពាធ ក្នុងនោះមានទាំងបណ្ដាក្រុមហ៊ុនដែលបានប្រកាសវិនិយោគធំទៅលើវិស័យរូបិយវត្ថុឌីជីថល ពិសេសគឺនៅពេលដែលតម្លៃរបស់ Bitcoin កំពុងធ្លាក់ថ្លៃខ្លាំង។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei។
ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ក៏បានប្រកាសអនុវត្តការកំណត់លើការគ្រប់គ្រងប្រាក់ឌីជីថល នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូម្បីតែប្រទេសដែលមានការនិយមប្រើប្រាស់ Bitcoin ដូចជា សិង្ហបុរី និង វៀតណាម ក៏មិនអនុញ្ញាតឱ្យទូទាត់ប្រាក់ដោយប្រើប្រាស់រូបិយវត្ថុឌីជីថលវិមជ្ឈការ (decentralized digital currency) នេះដែរ៕