ពិភពនិម្មិត metaverse, ផ្ទះឆ្លាតវៃ smarthome, យានយន្តអគ្គិសនី (EV) ជាដើម មិនត្រឹមតែជានិន្នាការថ្មីនោះទេ ប៉ុន្តែ វានឹងជ្រៀតចូលជ្រៅទៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សនៅក្នុងឆ្នាំនេះ។
២០២២ គឺជាឆ្នាំដែលត្រូវបានចាត់ទុកថា បញ្ញាសិប្បនិម្មិត (AI) មានការកែលំអយ៉ាងសម្បើម និងកាន់តែមានភាពជិតស្និតនៅក្នុងជីវភាពរបស់មនុស្សលោក។ បច្ចេកវិទ្យា blockchain, NFT បានចាប់ផ្ដើមក្លាយជាទីពេញនិយម។ ទន្ទឹមនឹងនេះ វិស័យពិភពនិម្មិត metaverse ក៏មានការបោះជំហានទៅមុខ ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងឆ្នាំ ២០២២។
«២០២២ នឹងជាឆ្នាំដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងវិស័យពិភពនិម្មិត metaverse។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនឹងដណ្ដើមចំណែកទីផ្សារនៅក្នុងវិស័យដែលទើបលេចធ្លោនេះ» Rolf Illenberger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតកម្មវិធីពិភពនិម្មិត VRdirect បានប្រាប់សារព័ត៌មាន Washington Post ដូច្នេះ។
ការប្រកួតប្រជែងក្នុងទីផ្សារពិភពនិម្មិត ត្រូវបានផ្ដួចផ្ដើមតាំងពីច្រើនឆ្នាំមកហើយ។ ស្ថាប័ន Oculus របស់ក្រុមហ៊ុន Meta (Facebook) បានឈានដល់របត់សំខាន់ នោះគឺការបញ្ចេញឧបករណ៍ពិភពនិម្មិត VR បានចំនួន ១០ លានគ្រឿង។
ចំណែកក្រុមហ៊ុន Microsoft ក៏ចូលប្រលូកក្នុងទីផ្សារ VR បានច្រើនឆ្នាំហើយដែរ ទន្ទឹមនឹងការចំណាយជិត ៦៩ ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនហ្គេម Activision Blizzard ជាមួយនឹងក្ដីសង្ឃឹមថានឹងបានឈានចូលជ្រៅទៅក្នុងពិភពនិម្មិត។
កាលពីខែមករា ២០២២ CEO របស់ Apple លោក Tim Cook បានថ្លែងថា metaverse គឺជាវិស័យដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះមានសក្ដានុពលធំធេង ហើយថា ក្រុមហ៊ុន Apple ក៏កំពុងវិនិយោគយ៉ាងសមស្របទៅលើវិស័យនេះ។
ដោយឡែក ក្រុមហ៊ុន Google វិញ ត្រូវបានគេជឿថា កំពុងអភិវឌ្ឍយ៉ាងសម្ងាត់នូវវ៉ែនតា AR ជំនាន់ថ្មី ដោយមានបុគ្គលិកចូលរួម ៣០០ នាក់។
បណ្ដាផលិតផល VR, AR និងកម្មវិធីជាច្រើនដែលទាក់ទងនឹងវិស័យពិភពនិម្មិត ក៏ត្រូវបានដាក់បង្ហាញនៅឯពិធីពិព័រណ៍អេឡិចត្រូនិក CES ២០២២ កាលពីដើមខែមករា នៅ សហរដ្ឋអាម៉េរិក។ យោងតាម New York Times នេះគឺជាសញ្ញានៃការផ្ទុះឡើងរបស់ប្រភេទឧបករណ៍បច្ចេកវិទ្យាពិភពនិម្មិត នៅក្នុងឆ្នាំ ២០២២៕