ក្រសួងសាធារណការ នឹងរៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនៅ កម្ពុជា។
នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២ កុម្ភៈ ២០២២ ក្នុងឱកាសជួបពិភាក្សាជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោកស្រីនាយិកា Alissar Chaker លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ក្នុងនោះមានដូចជាគម្រោងសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនីជាដើម។
គម្រោងមួយចំនួនដែលត្រូវបានលើកឡើងដោយលោករដ្ឋមន្ត្រីក្រសួងសាធារណការ នៅក្នុងជំនួបខាងលើ មានដូចជា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលថ្មរថយន្តដើរដោយថាមពលអគ្គិសនី (EVs) គម្រោងនាំចូលរថយន្តចាស់ៗ និងគម្រោងជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍បញ្ចូលថាមពលថ្មរថយន្ត EVs ផងដែរ។
គណៈប្រតិភូរបស់ UNDP បានលើកឡើងអំពីនិន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបានស្នើ ឱ្យក្រសួងធ្វើការឱ្យបានជិតស្និទ្ធជាមួយដៃគូសហការ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាក់ទងនឹងបញ្ហានេះ។
លោករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារ ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ពួកគេ។
ការណែនាំរបស់លោក រដ្ឋមន្ត្រី គឺដើម្បីឆ្លើយតបទៅនឹងសំណើរបស់គណៈប្រតិភូ UNDP និងគម្រោង ផែនការ រួមនឹងនិងគោលនយោបាយដឹកជញ្ជូនផ្លូវគោករបស់ កម្ពុជា៕