(សហរដ្ឋអាម៉េរិក)-និស្សិតម្នាក់ត្រូវបានក្រុមហ៊ុនអាកាសចរណ៍មួយ អញ្ជើញឱ្យចូលធ្វើការ បន្ទាប់ពីមហាសេដ្ឋី Elon Musk ផ្ញើសារមកស្នើឱ្យកំលោះនេះ ឈប់តាមដានយន្តហោះរបស់គាត់។
Jack Sweeney អាយុ ១៩ ឆ្នាំ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Central Florida (UCF) នៅ សហរដ្ឋអាម៉េរិក ទទួលបានការអញ្ជើញឱ្យចូលធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ឯកជន Stratos Jet Charters ដែលមានទីស្នាក់ការនៅ Florida កាលពីថ្ងៃទី ១ កុម្ភៈ ២០២។
Joel Thomas ដែលជាប្រធាន និងជា CEO របស់ Stratos ឱ្យដឹងថា ក្រុមហ៊ុនស្នើឱ្យ Sweeney ចូលរួមក្នុងក្រុមអភិវឌ្ឍផលិតផល ក្រោយពីបានឃើញភាពច្នៃប្រឌិតរបស់កំលោះនេះនៅលើទំព័រ Twitter ដែលមានគណនីឈ្មោះ ElonJet។
Sweeney បានទទួលស្គាល់ថា ពិតជាទទួលបានការអញ្ជើញឱ្យចូលធ្វើការពីសំណាក់ក្រុមហ៊ុន Stratos ប៉ុន្តែ កំលោះនេះក៏បានឱ្យដឹងថា ខ្លួនទំនងជាមិនយល់ព្រម ព្រោះតែបច្ចុប្បន្ន ជាប់ធ្វើការឱ្យ UberJets ក្នុងគម្រោងអភិវឌ្ឍថ្នាលបច្ចេកវិទ្យាតាមដានជើងហោះហើរដើម្បីស្វែងរកសំបុត្រដែលមានតម្លៃទាប ជូនអតិថិជន។ «ខ្ញុំគោរពតាមកិច្ចព្រមព្រៀងការពារព័ត៌មានសម្ងាត់ ដូច្នេះ ពិតជាពិបាកធ្វើការឱ្យ Stratos» Sweeney បញ្ជាក់ដូច្នេះ។
កំលោះ Jack Sweeney ត្រូវបានគេចាប់អារម្មណ៍ច្រើនកាលពីចុងខែមុន បន្ទាប់ពីបានបង្ហើបឱ្យដឹងអំពីការឆ្លើយឆ្លងគ្នារវាងខ្លួន និងមហាសេដ្ឋី Elon Musk។ ក្នុងការឆ្លើយឆ្លងនោះ CEO របស់ Tesla បានស្នើឱ្យលុបគណនី Twitter ឈ្មោះ ElonJet ដែលមានជំនាញក្នុងការបញ្ចេញទិន្ន័យស្ដីពីជើងហោះហើររបស់យន្តហោះដែលដឹកលោក Elon Musk ព្រោះតែយល់ថា ជា «ការគំរាមកំហែងផ្នែកសន្តិសុខ»។
ElonJet ដែលមានអ្នកតាមដានជាង ១២៧,០០០ នាក់ នៅលើ Twitter កំពុងប្រើប្រាស់ ADS-B ដែលជាកម្មវិធីស្វ័យប្រវត្តក្នុងការទាញយកទិន្នន័យទីតាំងនៃជើងហោះហើររបស់អាកាសចរណ៍ស៊ីវិល ដើម្បីតាមដានយន្តហោះផ្ទាល់ខ្លួនរបស់មហាសេដ្ឋីអាម៉េរិក លោក Elon Musk ទៅតាមពេលវេលាជាក់ស្ដែង។
លោក Musk ថា នឹងផ្ដល់ប្រាក់ ៥,០០០ ដុល្លារ ជាថ្នូរនឹងការលុបគណនី ElonJet ប៉ុន្តែ Sweeney និយាយលេងថា ខ្លួនត្រូវការ ៥០,០០០ ដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ការសិក្សា និងអាចទិញរថយន្ត Model 3 បាន ១ គ្រឿង។ មហាសេដ្ឋី Elon Musk ប្រាប់ថា នឹងពិចារណាអំពីប្រការនោះ ហើយក្រោយមកក៏បានឆ្លើយថា «មិនសមហេតុផល» នៅពេលត្រូវឱ្យប្រាក់ដើម្បីលុប ElonJet ព្រមទាំងបានរាំងខ្ទប់គណនីទាំងអស់នៅលើបណ្ដាញសង្គមដែលទាក់ទងនឹង Sweeney។
Sweeney បានតាមដានជើងហោះហើររបស់មហាសេដ្ឋី Elon Musk តាំងពីយូរមកហើយ ប៉ុន្តែ គណនី ElonJet នេះ ទើបត្រូវបានបង្កើតឡើងកាលពីខែមិថុនា ២០២០ ក្នុងគ្រាដែល កូវីដ-១៩ កំពុងធ្វើឱ្យការសិក្សាងាកទៅរកអនឡាញ នាំឱ្យកំលោះនេះមានពេលសរសេរកូដ៕