
បើទោះជាមិនល្បីឈ្មោះខ្លាំងក្នុងពិភពលោក ប៉ុន្តែ លោក Zeng គឺជាអ្នកជំនួញដ៏សំខាន់នៅក្នុងវិស័យឧស្សាហកម្មថ្មផ្ទុកថាមពលអគ្គិសនី។
កាលពីឆ្នាំ ២០២១ ព័ត៌មានស្ដីអំពីលោក Zeng Yuqun បានយកឈ្នះ Jack Ma ក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេក្នុងពិភពលោក បានធ្វើឱ្យមានចំណាប់អារម្មណ៍ខ្លាំង។
លោក Zeng បច្ចុប្បន្នមានទ្រព្យសរុប ៤៩.៥ ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតថ្មសម្រាប់រថយន្តអគ្គិសនី Contemporary Amperex Technology (CATL) បានកើនឡើងខ្ពស់ក្នុងឆ្នាំនេះ។ តួលេខនេះក៏ខ្ពស់ជាងបើធៀបនឹងទ្រព្យរបស់មហាសេដ្ឋីចិន លោក Jack Ma ដែលមាន ៤៨.១ ពាន់លានដុល្លារអាម៉េរិក និងបានជួយឱ្យលោក Zeng មានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់កំពូលអ្នកមានជាងគេទាំង ៥ រូប នៅ ទ្វីបអាស៊ី។

បើទោះជាមិនល្បីឈ្មោះខ្លាំង ប៉ុន្តែ ប្រធានក្រុមហ៊ុន CATL លោក Zeng Yuqun គឺជាអ្នកជំនួញដ៏សំខាន់នៅក្នុងវិស័យឧស្សាហកម្មថ្មផ្ទុកថាមពលអគ្គិសនីនៅ ប្រទេសចិន។

នៅពេលចូលប្រលូកក្នុងទីផ្សារចិន Tesla ត្រូវប្រឈមនឹងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាថ្មផ្ទុកថាមពលអគ្គិសនី ដែលបំពាក់សម្រាប់រថយន្តរបស់ពួកគេ។ មហាសេដ្ឋីអាម៉េរិក លោក Elon Musk ត្រូវទៅសុំជំនួយពីវិស្វករលំដាប់កំពូលក្នុងវិស័យនេះ ជាមនុស្សដែលបានជួយឱ្យ Apple បង្កើនអាយុកាលថ្មនៅលើ Macbook។ មនុស្សសំខាន់ម្នាក់នោះគឺលោក Zeng Yuqun។
«ស្ដេចថ្មរថយន្តអគ្គិសនី»
លោក Zeng Yuqun អាយុ ៥៣ ឆ្នាំ មកពីខេត្ត Fujian (ប្រទេសចិន)។ លោក Zeng មានសញ្ញាបត្របណ្ឌិតផ្នែករូបធាតុ (Condensed matter physics) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នា រដ្ឋធានីប៉េកាំង។
លោក Zeng បានកសាង Contemporary Amperex Technology Co.Ltd ឱ្យទៅជាក្រុមហ៊ុនអភិវឌ្ឍ និងផលិតថ្មផ្ទុកថាមពលអគ្គិសនីលំដាប់កំពូលនៅ ប្រទេសចិន ដោយប្រើពេលមិនដល់ ១ ទសវត្សរ៍។ បច្ចុប្បន្ន CATL គឺជាក្រុមហ៊ុនផលិតថ្មផ្ទុកថាមពលអគ្គិសនីធំបំផុតក្នុងពិភពលោក សម្រាប់យានជំនិះដែលត្រូវបានចាត់ទុកថាជាអនាគតរបស់វិស័យរថយន្ត។ ការប្រឹងប្រែងកន្លងមក បានធ្វើឱ្យ Zeng ដែលជាអ្នកស្រែ និងជាមន្ត្រីរដ្ឋការដែលទទួលបានប្រាក់បៀវត្ស ៣០ ដុល្លារអាម៉េរិក/ខែ ក្លាយជាមហាសេដ្ឋីពិភពលោក។
បណ្ដាផលិតផលរបស់ CATL បានក្លាយជាគ្រឿងបន្លាស់នៃរថយន្តរបស់ក្រុមហ៊ុនធំៗក្នុងពិភពលោក។ ចាប់ពីខែកក្កដា ពួកគេនឹងផ្គត់ផ្គង់ថ្មសម្រាប់រថយន្តអគ្គិសនី Tesla ដែលផលិតនៅ សៀងហៃ ប្រទេសចិន។

ឪពុកបង្កើតរបស់ កំពូលថ្មផ្ទុកថាមពលអគ្គិសនី ដែល «រស់» បាន ១៦ ឆ្នាំ
កាលពីឆ្នាំ ២០២១ CATL បានប្រកាសថា ពួកគេអាចផលិតបានប្រភេទថ្មដែលមានអាយុកាលជាង ១៦ ឆ្នាំ និងអនុញ្ញាតឱ្យរថយន្តដែលបំពាក់ថ្មនេះ រត់បានជិត ២ លានគីឡូម៉ែត្រ។ ប្រភេទថ្មដែលត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត Tesla បច្ចុប្បន្ន មានអាយុកាលត្រឹមតែប្រហែល ៨ ឆ្នាំ និងរត់បានជិត ២៥០,០០០ គីឡូម៉ែត្របណ្ដោះ។
លោក Zeng Yuqun ដែលជាប្រធានក្រុមហ៊ុន CATL ឱ្យដឹងថា៖ «បើមានអ្នកណាបញ្ជាទិញ យើងនឹងចាប់ផ្ដើមផលិតភ្លាម។ តម្លៃរបស់ថ្មប្រភេទថ្មីនេះ ខ្ពស់ជាងប្រហែល ១០% ធៀបនឹងប្រភេទថ្មបច្ចុប្បន្ន ប៉ុន្តែ អត្ថប្រយោជន៍ដែលប្រភេទថ្មថ្មីនេះនាំមក គឺពិតជាធំធេង»។
យោងតាមការព្យាកររបស់លោក Zeng ចំនួនរថយន្តអគ្គិសនីក្នុងពិភពលោក នឹងយកឈ្នះលើរថយន្តប្រើប្រាស់ប្រេងឆាំងនៅអំឡុងឆ្នាំ ២០៣០-២០២៥៕
