ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា បច្ចុប្បន្នកម្ពុជាមានច្បាប់ល្អ មានសុខសន្តិភាព អ្វីដែលនៅសល់គឺត្រូវពង្រឹងយុវជនយើងឲ្យមានចំណេះដឹងវិជ្ជាជីវៈល្អ ដើម្បីឆ្លើយតបតាមនិន្នាការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងពេលចូលរួមក្នុងពិធីបើកដំណើរការសមាគមពាណិជ្ជកម្មចិននៅកម្ពុជាកាលពីចុងសប្តាហ៍មុនថា ឥឡូវច្បាប់យើងមានហើយ គោលនយោបាយអភិវឌ្ឍន៍ជាតិក៏មានរួចហើយ តែយុវជនយើងក្នុងរយៈពេល1 ឬ2ឆ្នាំខាងមុខអាចចាប់យកជំនា ញរបៀបណាដើម្បីទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍឧស្សាហកម្មតាមតំបន់ ព្រោះបើយុវជនមានជំនាញហើយគាត់នឹងលែងនិយាយពីប្រាក់ខែអប្បបរមាហើយ។ យុវជន (គាត់) នឹងនិយាយពីផលិតភាពរបស់គាត់ថា តើអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ឬអត់? នៅពេលនោះចំណូលរបស់ពួកគាត់នឹងកើនឡើងជាស្វ័យប្រវត្តិ។
លោកបន្តថា “រដ្ឋាភិបាលកំពុងពង្រឹងខ្លួនឯងក្នុងការក្លាយជារដ្ឋសង្គមកិច្ច។ រដ្ឋសង្គមកិច្ច គឺជារដ្ឋដែលផ្តោតទៅលើសុខមាលភាពយុវជន និងប្រជាជនរបស់យើង។ លោកបន្តថា “ដូចសម្តេចតេជោលោកបានប្រកាសហើយថា ចាប់ពីឆ្នាំ2018ទៅ ស្ត្រីដែលប្រសូត្របុត្រនឹងទទួលបានការឧបត្ថម្ភធន100ដុល្លារ ដើម្បីផ្តល់សុខមាលភាពដល់កម្មករ កម្មការិនី។
លោក សួស យ៉ារ៉ា បានបន្តថា កម្ពុជាបានពង្រឹងច្បាប់របស់យើងឲ្យបានល្អស្របនឹងច្បាប់របស់តំបន់ យើងបានបញ្ចូលប្រព័ន្ធនៃសេដ្ឋកិច្ចរបស់យើងចូលក្នុងតំបន់អាស៊ាន និងចូលជាសមាជិកអង្គការសុខភាពពិភពលោក និងអ្វីដែលត្រូវគិតគឺគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិនថា អាចជួយអ្វីយើងបានខ្លះ អ៊ីចឹងរដ្ឋាភិបាលរបស់យើងក៏បានវិនិយោគ និងក្លាយជាសមាជិកធនាគារអភិវ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)ជាដើម។
នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025 ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ2015 រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចុះតម្លៃអគ្គិសនី ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីប្រែក្លាយកម្ពុជាចេញពីប្រទេសដែលប្រើប្រាស់អតិពលកម្ម ទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មមានជំនាញ៕