ខណៈដែលក្រុមហ៊ុន Apple ត្រៀមធ្វើព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនៅថ្ងៃទី12 ខែកញ្ញា ដែលគេជឿជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញទូរស័ព្ទ iPhone 8 បំពាក់កាមេរ៉ាភ្លោះនោះ ពេលនេះហាងលក់គ្រឿងតុបតែងទូរស័ព្ទមួយនៅផ្សារទំនើប Aeon Mall ភ្នំពេញ បែរជាមានដាក់លក់ស្រោមទូរស័ព្ទនេះមុនបាត់ទៅហើយ។
តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់នៅហាង Baseus Cambodia ដែលមានទីតាំងនៅផ្សារទំនើប Aeon Mall បានឱ្យដឹងថា ស្រោមដែលមានលក់នោះ ជាស្រោមសម្រាប់ប្រើជាមួយនឹងទូរស័ព្ទ iPhone 8 ដែល Apple ត្រៀមបង្ហាញនៅថ្ងៃស្អែក។ ក្រៅពីស្រោមហើយ ខាងហាងក៏មានលក់ដូចជា Screen ការពារអេក្រង់មុខ-ក្រោយ និង Screen ការពារកាមេរ៉ាទៀតផង។
បុគ្គលិកខាងលើឱ្យដឹងថា៖«ខ្ញុំមិនដឹងច្បាស់ថា វាយ៉ាងណាដែរ ប៉ុន្តែខាងលើគេឱ្យយកអីវ៉ាន់មកតាំងលក់ និងវាអាចមានរាងអ៊ីចឹងដែរហើយបង ព្រោះក្រុមហ៊ុនខ្ញុំមិនមែនចេះតែផលិតមកលក់ទេ បើមិនច្បាស់ការនោះ»។
បុគ្គលិកផ្នែកលក់ខាងលើបានឱ្យដឹងទៀតថា ក្រោយដាក់តាំងលក់បានប៉ុន្មានថ្ងៃ មានអតិថិជនជាច្រើនបានមកសួរនាំរឿងនេះ ព្រោះថា ពួកគាត់មិនទាន់បានឃើញរូបរាង iPhone 8 នោះថា យ៉ាងណានៅឡើយ។
សូមរំឭកដែរថា Apple នឹងជ្រើសរើសយកកន្លែងចាស់ក្នុង Cupertino រដ្ឋ California ជាកន្លែងដែលលោក Steve Jobs បង្ហាញទូរស័ព្ទ iPhone ជាលើកដំបូងកាលពីឆ្នាំ 2007។ តាមការរំពឹងទុក Apple នឹងបង្ហាញទូរស័ព្ទជំនាន់ថ្មី iPhone 8 សម្រាប់ខួប10ឆ្នាំ ដែលនឹងបំពាក់អេក្រង់ Bezeless ប្រភេទ AMOLED និងបច្ចេកវិទ្យារូបភាព 3D-sensing imaging ជាមួយនឹងពណ៌ខៀវស្រស់ និងពណ៌ទឹកក្រូចបែកមាស។ ក្រៅពីនេះក្រុមហ៊ុនក៏នឹងអាចបង្ហាញបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging ទូរទស្សន៍ 4K Apple TV នាឡិកាឆ្លាតវៃ Apple Watch ដែលបំពាក់នូវប្រព័ន្ធ LTE ផងដែរ៕
វីដេអូ៖