Flushing Financial Corporation ដែលជាក្រុមហ៊ុនមេរបស់ធនាគារ Flushing មានទីស្នាក់ការកណ្ដាលនៅទីក្រុងនីវយ៉ក បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា New York Digital Investment Group (NYDIG) នៅក្នុងការផ្ដល់សេវា Bitcoin ដល់អតិថិជនរបស់ខ្លួន។
កិច្ចសហការខាងលើនេះនឹងអនុញ្ញាតឱ្យធនាការ Flushing ផ្ដល់សេវាទិញ លក់ និងកាន់កាប់ Bitcoin នៅក្នុងបរិស្ថានសុវត្ថិភាពបំផុត។ ទន្ទឹមនឹងនេះ Flushing ក៏បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញសេវាកម្មមួយចំនួនដែលទាក់ទងនឹង BTC នៅចុងត្រីមាសនេះ ហើយថា នឹងបង្ហើបឱ្យដឹងអំពីដំណើរការលម្អិតរបស់សេវាកម្មនេះ។
ធនាគារ Flushing ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩២៩។ យោងតាមរបាយការណ៍ត្រីមាសទី ៤ ឆ្នាំ ២០២១ បច្ចុប្បន្ន ធនាគារនេះកំពុងកាន់កាប់ទ្រព្យតម្លៃ ៨ ពាន់លានដុល្លារអាម៉េរិក និងរកបានប្រាក់ចំណេញប្រហែល ២០០ លានដុល្លារ។
លោក John R. Buran ប្រធានរបស់ Flushing Financial Corporation ដែលជាក្រុមហ៊ុនមេរបស់ ធនាការ Flushing បានឱ្យដឹងថា ការផ្ដល់សេវាទាក់ទងនឹងរូបិយវត្ថុឌីជីថលគ្រីបតូ Bitcoin របស់ក្រុមហ៊ុន គឺដោយសារចង់តាមឱ្យទាន់និន្នាការប្រាក់ឌីជីថលនៅលើទីផ្សារហិរញ្ញវត្ថុ។
Bitcoin គឺជារូបិយវត្ថុឌីជីថល ប្រភេទ គ្រីបតូ (Cryptocurrency) ដែលត្រូវបានបង្កើតឡើងដើម្បីទូទាត់រវាងអ្នកមានកាក់គ្រីបតូ ទៅបុគ្គលម្នាក់ទៀត ដោយមិនឆ្លងកាត់ធនាគារ ហើយត្រូវបានកត់ត្រាក្នុងកំណត់ហេតុដោយទិន្នន័យកុំព្យូទ័រលក្ខណៈ Cryptography យ៉ាងសុវត្ថិភាព និងយ៉ាងសម្ងាត់ ដែលមិនស្ថិតក្រោមការតាមដានពីសំណាក់អាជ្ញាធរ ស្ថាប័នរដ្ឋ ឬប្រទេសណាមួយ៕