បេក្ខភាពអភិបាលរដ្ឋ Texas នៃ សហរដ្ឋអាម៉េរិក លោក Don Huffines បានបញ្ជាក់ថា នឹងមានគោល នយោបាយ «ត្រួសត្រាយផ្លូវ» ជាច្រើន សម្រាប់រូបិយវត្ថុឌីជីថលប្រភេទគ្រីបតូ Bitcoin បើសិនជាលោកបានជាប់ឆ្នោតនៅខែវិច្ឆិកា ២០២២។
លោក Don Huffines អតីតតំណាងរាស្ត្ររបស់ សហរដ្ឋអាម៉េរិក ដែលកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីក្លាយជាអភិបាលរដ្ឋ Texas បានបង្ហោះសេចក្ដីព្រាងគោលនយោបាយមួយដែលគាំទ្រដល់ Bitcoin នៅលើគេហទំព័ររបស់លោក។ លោកប្រកាសថា នឹងប្រែក្លាយ Texas ឱ្យទៅជា «ឋានសួគ៌» សម្រាប់ Bitcoin នៅពេលលោកបានជាប់ឆ្នោត។
«ខ្ញុំបានវិនិយោគទៅលើ Bitcoin តាំងពីច្រើនឆ្នាំមកនេះ និងមានទំនុកចិត្តលើប្រាក់ប្រភេទនេះ…។ ជារដ្ឋដែលជឿនលឿនក្នុងវិស័យបច្ចេកវិទ្យា ដូច្នេះ Texas ត្រូវតែឈានមុខគេក្នុងការទទួលយក Bitcoin និងរូបិយវត្ថុឌីជីថលគ្រីបតូ (Cryptocurrency គឺជាលុយឌីជីថល បង្កើតឡើងដើម្បីទូទាត់ រវាងអ្នកមានកាក់គ្រីបតូ ទៅបុគ្គលម្នាក់ទៀត ដោយមិនឆ្លងកាត់ធនាគារ ហើយត្រូវបានកត់ត្រាក្នុងកំណត់ហេតុដោយទិន្នន័យកុំព្យូទ័រលក្ខណៈ Cryptography យ៉ាងរឹងមាំ បំណងរក្សាសុវត្ថិភាពកំណត់ត្រាប្រតិបត្តិការ ដើម្បីគ្រប់គ្រងការបង្កើតកាក់ថ្មី និងដើម្បីបញ្ជាក់ប្រតិបត្តិការផ្ទេរកាក់របស់ម្ចាស់កាក់)» លោក Don Huffines សរសេរដូច្នេះ។
លោកបន្តថា៖ «ខ្ញុំសន្យាថា នឹងធ្វើឱ្យ Texas ក្លាយជាចំណុចកណ្ដាលនៃ Bitcoin របស់ពិភពលោក និងការពារវិស័យប្រាក់ឌីជីថលគ្រីបតូ ពីការកំណត់ដ៏តឹងរឹងរបស់អាជ្ញាធរសហព័ន្ធ»។
នៅក្នុងសេចក្ដីព្រាងគោលនយោបាយរបស់ លោក Don Huffines មានចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួន៖
-បង្កើតគណៈកម្មការគោលនយោបាយ Bitcoin និងប្រាក់ឌីជីថលគ្រីបតូ ដើម្បីជ្រើសរើសរូបិយវត្ថុគ្រិបតូមួយចំនួនដែលអាចប្រើជាអន្តរការីនៅក្នុងការជួញដូរតម្លៃនៅរដ្ឋ Texas ជាជំនួយសម្រាប់ប្រាក់ដុល្លារអាម៉េរិកបច្ចុប្បន្ន។
-ទទួលស្គាល់ Bitcoin ជាប្រាក់ស្របច្បាប់នៅ Texas
-ការពារ Texas ពីឥទ្ធិពលរបស់អាជ្ញាធរសហព័ន្ធ…
-ការពារអ្នកទទួលយក Bitcoin នៅ Texas…