ក្រុមហ៊ុន Space Transportation (凌空天行 / Linkong Tian Xing)កំពុងអភិវឌ្ឍគំរូយន្តហោះអវកាសដែលមានល្បឿនជាង ៤,០០០ គីឡូម៉ែត្រ/ម៉ោង លឿនជាងទ្វេដងធៀបនឹងយន្តហោះ Concorde។
ត្រូវបានគេដាក់ឈ្មោះឱ្យថា Tianxing រ៉ុក្កែតនេះអាចហោះឡើងត្រង់ នាំយកយន្តហោះដឹកអ្នកដំណើរខ្នាតតូចទៅជាមួយ។ ពេលឡើងដល់កម្ពស់សមល្មម យន្តហោះអវកាសនឹងផ្ដាច់ខ្លួនពីរ៉ុក្កែត ហើយហោះសំដៅចូលទីអវកាសក្នុងល្បឿនប្រហែល ៤,១៨៤ គីឡូម៉ែត្រ/ម៉ោង។
ក្រុមហ៊ុន Space Transportation នៅទីក្រុងប៉េកាំង បានអភិវឌ្ឍយន្តហោះនេះតាំងពីឆ្នាំ ២០១៨។ ពួកគេនិយាយថា ប្រព័ន្ធយាននេះគឺជា «រ៉ុក្កែតដែលមានស្លាប» និងអាចដំណើរការចាប់ពីឆ្នាំ ២០២៥។
ជើងហោះហើរសាកល្បងបានបង្ហាញថា រ៉ុក្កែតមេអាចហោះឡើង និងចុះចតមកវិញដោយជោគជ័យ។ ជើងហោះហើរសាកល្បងជាមួយនឹងយន្តហោះគំរូដែលមានខ្នាតពេញលេញនឹងត្រូវបានធ្វើឡើងនាប៉ុន្មានឆ្នាំខាងមុខ។ បើសិនជាដំណើរការល្អ ជាមួយនឹងល្បឿនជិត ៤,២០០ គីឡូម៉ែត្រ/ម៉ោង យន្តហោះអវកាសរបស់ ក្រុមហ៊ុន Space Transportation នឹងហោះហើរបានលឿនជាង ២ ដង បើធៀបជាមួយនឹងយន្តហោះ Concorde (ដែលអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនបារាំង និងអង់គ្លេស) និងអាចហោះពី ក្រុងឡុងដ៍ ទៅដល់ ក្រុងនីវយ៉ក ដោយចំណាយពេលតែ ១ ម៉ោង។
កាលពីឆ្នាំមុន Space Transportation ប្រមូលទុនបាន ៤៦.៣ លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍយន្តហោះអវកាសល្បឿនលឿនជាងសំឡេង និងសាកល្បងប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត ១០ លើក។
នៅ ប្រទេសចិន ក្រៅពីក្រុមហ៊ុន Space Transportation ក៏នៅមានក្រុមហ៊ុនមួយទៀតដែលកំពុងអភិវឌ្ឍយន្តហោះអវកាស នោះគឺ ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍អវកាសចិន (របស់រដ្ឋាភិបាល)។ រដ្ឋាភិបាលចិន និយាយថា យន្តហោះអវកាសរបស់ពួកគេអាចហោះឡើងដល់គន្លងគោចរដោយមិនត្រូវការរ៉ុក្កែតខ្នាតធំ។ ប្រការនេះមានន័យថា យន្តហោះនោះនឹងអាចហោះឡើង និងចុះចតនៅលើព្រលានយន្តហោះណាក៏បាន៕