សេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក បានងើបឡើងមកវិញ ដោយមានកំណើនជិត ៦% ក្នុងឆ្នាំ ២០២១ ដែលនេះគឺជាសញ្ញានៃការងើបឡើងវិញយ៉ាងលឿន បន្ទាប់ពីបានដាំក្បាលចុះក្នុងឆ្នាំ ២០២០។ នេះគឺជាព័ត៌មានដែលទើបតែត្រូវបាន រដ្ឋាភិបាលអាម៉េរិក ប្រកាសកាលពីថ្ងៃទី ២៧ មករា ២០២២។
យោងតាមការគណនារបស់ ក្រសួងពាណិជ្ជកម្មអាម៉េរិក កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ របស់ប្រទេសនេះ គឺ ៥.៧% ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់តាំងពីឆ្នាំ ១៩៨៤។ ប្រការនេះបានបង្ហាញអំពីការងើបឡើងវិញយ៉ាងលឿន ព្រោះថា កាលពី ១ ឆ្នាំមុននោះ សេដ្ឋកិច្ចអាម៉េរិក ដាំក្បាលចុះ ៣.៤% ដែលជាការធ្លាក់ចុះជ្រៅបំផុតក្នុងអំឡុង ៧៤ ឆ្នាំកន្លង។
កំណើនសេដ្ឋកិច្ចអាម៉េរិក មួយភាគធំអាស្រ័យលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចធំៗ និងគោលនយោបាយការប្រាក់ទាបរបស់រដ្ឋាភិបាល។ ល្បឿននៃកំណើនសេដ្ឋកិច្ចបានថយចុះយឺតៗមកវិញកាលពីចុងឆ្នាំ ២០២១ នៅពេល សហរដ្ឋអាម៉េរិក ប្រឈមនឹង កូវីដ-១៩ ប្រភេទ អូមីក្រុង ដែលបានបណ្ដាលឱ្យការចំណាយមានការកាត់បន្ថយ ខណៈដែលសកម្មភាពពាណិជ្ជកម្មមួយចំនួនក៏ត្រូវរំខាន៕