ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក នាព្រឹកនេះ បានធ្វើទស្សនកិច្ចរោងចក្រ VinFast ដែលជាអ្នកអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីទំនើបរបស់ក្រុមហ៊ុន Vingroup ដែលមានមហាសេដ្ឋីវៀតណាម លោក ហ្វាម ញ៉ឹតវឿង ជាស្ថាបនិក។
នៅទីលានរបស់រោងចក្រ ប្រធានាធិបតីវៀតណាម បានសាកល្បងជិះកៅអីខាងក្រោយនៃរថយន្តអគ្គិសនី VinFast VF៨ ខណៈដែលមហាសេដ្ឋី ញ៉ឹតវឿង ជាអ្នកកាន់ចង្កូតបើកបរដោយផ្ទាល់។ ក្រុមមន្ត្រី និងបុគ្គលិកក្រុមហុន នាំគ្នាអបអរសាទរ និងបង្ហាញពីមោទកភាពចំពោះរថយន្តអគ្គិសនីរបស់ពួកគេ។
នេះជាលើកដំបូងហើយដែល VinFast VF៨ បានបង្ហាញខ្លួនជាសាធារណៈនៅ វៀតណាម។ ម៉ូដែលរថយន្តនេះត្រូវបានតាំងបង្ហាញលើកដំបូងនៅក្នុងពិព័រណ៍ Los Angeles Auto Show ឆ្នាំ ២០២១ និងត្រូវបានប្រកាសតម្លៃលក់ដំបូងគឺ ១,០៥៧ លានដុង ស្មើនឹង ៤៦,៦00 ដុល្លារអាម៉េរិក សម្រាប់កំណែ Eco និងជាង ១,២៣៧ លានដុង ស្មើនឹង ៥៤,៦០០ ដុល្លារអាម៉េរិក សម្រាប់កំណែ VF៨ Plus នៅក្នុងទីផ្សារ វៀតណាម។
VinFast VF៨ គឺជារថយន្តរត់ដោយថាមពលអគ្គិសនី ប្រភេទ SUV ៥ កៅអី ខ្នាតមធ្យម ប្រហាក់ប្រហែលនឹងរថយន្ត Mercedes-Benz GLC ឬ BMW X។ រថយន្តនេះបំពាក់បច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ ម៉ូទ័រអគ្គិសនី កម្លាំង ៤០២ សេះ។ កំណែធម្មតា និង Plus ប្រើប្រាស់ថ្មខុសគ្នា ក្នុងនោះ កំណែមួយអាចរត់បានចម្ងាយ ៤៦០ គីឡូម៉ែត្រ និងកំណែមួយទៀតរត់បាន ៥១០ គីឡូម៉ែត្រ ក្រោយពីបញ្ចូលថាមពលពេញ។
តាមផែនការ រោងចក្រ VinFast នឹងប្រគល់រថយន្តដល់ដៃអតិថិជន ចាប់ពីចុងឆ្នាំ ២០២២ នេះ។ រថយន្តអគ្គិសនីទាំងនេះ ត្រូវបានផលិតនៅ ប្រទេសវៀតណាម៕