ភ្នំពេញ – ដើម្បីជំរុញឱ្យក្រុងសៀមរាបក្លាយជាបេក្ខភាពចលនាប្រទ្បងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន2018 ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានដាក់ចេញផែនការ7ចំណុច។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានឯកភាពដាក់ចេញកម្មវិធីការងារចាត់តាំងអនុវត្តដូចខាងក្រោម៖
- បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរ។
- បន្តពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅទេសចរណ៍សំខាន់ ទប់ស្កាត់ឲ្យបាននូវការប្រើប្រាស់ដីចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ការចតម៉ូតូ រ៉ឺម៉ក រថយន្ត គ្មានសណ្តាប់ធ្នាប់ និងបន្តរៀបចំឲ្យមានផ្លូវដើរសម្រាប់ទេសចរឲ្យបានច្រើន។ ពង្រឹងសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត។
- រៀបចំយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់រឹង ពិសេសយន្តការប្រមូលសំរាមក្នុងតំបន់ទីប្រជុំជន ផ្សារ និងតំបន់ដែលមានការឆ្លងកាត់ញឹកញាប់ និងបន្តគាំទ្រការពារ និងការគ្រប់គ្រងបរិស្ថាន និងសំរាមនៅតំបន់ចុងឃ្នាស និងភ្ជាប់តំបន់ទន្លេសាប។
- បន្តពង្រឹង និងពង្រីកការសាងសង់បង្គន់សាធារណៈឲ្យបានគ្រប់គ្រាន់ ពិសេសតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប យ៉ាងហោចឲ្យបានបង្គន់សាធារណៈកម្ពុជា 8-10 កន្លែងទៀត ឲ្យស្របតាមស្តង់ដារបង្គន់សាធារណៈកម្ពុជា និងស្តង់ដារបង្គន់សាធារណៈអាស៊ាន ដោយជ្រើសរើសទីតាំងឲ្យបានស្របនឹងចំនួនទេសចរ ដែលរួមជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយចំណតរថយន្ត ឬមជ្ឈមណ្ឌលពាណិជកម្ម ឬនៅដាច់ដោយឡែក។
- ពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនោះទប់ស្កាត់ក្មេងលក់ដូររំខានដល់ភ្ញៀវទេសចរដែលអាជ្ញាធរជាតិអប្សរា និងបន្តសហការជាមួយផ្នែកពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច និងអតីតយុវជន និងអង្គការនានា ដើម្បីរៀបចំ និងដាក់ចេញនូវវិធានការអប់រំ និងវិធានការរដ្ឋបាលជំនួសដោយការផ្តល់ការអប់រំដល់ក្មេងៗ និងមុខរបរជំនួសសម្រាប់ឱពុកម្តាយក្មេង។ បន្តគាំទ្រការអភិវឌ្ឍសហគមន៍ទេសចរណ៍នៅតំបន់បន្ទាយស្រី ដោយតម្រូវឲ្យមានការសហការគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអប្សារា និងកិច្ចសហការជាមួយស្ថាប័នជំនាញ ពិសេសមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក។ល។
- ដើម្បីគាំទ្រលើការដោះស្រាយបញ្ហាប្រឈមនានា ដែលលើកទ្បើងដោយវិស័យឯកជនពាក់ព័ន្ធ និងសម្រាប់អនាម័យបរិស្ថាននៅក្រុងសៀមរាប អង្គប្រជុំបានឯកភាព និងគាំទ្រយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up ដោយព្រមព្រៀងបង្កើតក្រុមការងារអចិន្ត្រៃយ៍រួមទាំងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន ភ្ញៀវទេសចរ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចាត់តាំងអភិវឌ្ឍឲ្យមានជាកម្មវិធីជាប្រចាំរៀងរាល់ចុងសប្តាហ៍។
- ដើម្បីគាំទ្របេក្ខភាពសៀមរាបក្នុងចលនាប្រទ្បងប្រណាំងទីក្រុងស្អាត រដ្ឋបាលថ្នាក់ក្រោមជាតិបន្តគិតគូរ និងរៀបចំឲ្យមានបង្គន់សាធារណៈស្របតាមស្តង់ដារ កន្លែងហាត់ប្រាណ សួនច្បារ តំបន់បៃតង សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវថ្មើរជើង និងពង្រឹងយន្តការគ្រប់គ្រងការប្រមូលសំរាមក្នុងក្រុងសៀមរាបឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រងក្នុងក្រុងសៀមរាប និងតំបន់អង្គរឲ្យស្អាត និងបៃតង ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យបានច្រើនថែមទៀត ពិសេសសហគមន៍ទេសចរណ៍ដែលមានសក្ដានុពលនៅតំបន់ជុំវិញខេត្តសៀមរាប។ ក្នុងនោះមានសហគមន៍ជ្រាវ សហគមន៍កំពង់ភ្លុក និងសហគមន៍បន្ទាយស្រី សហគមន៍ទេសចរណ៍ចុងឃ្នាសជាដើម និងគោលដៅអេកូទេសចរណ៍ព្រែកទាល់ ភ្នំគូលែន ដើម្បីបង្កើតជាផលិតផលទេសចរណ៍ថ្មីផ្តល់ជូនភ្ញៀវទេសចរ តាមរយៈសហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗទាំងនោះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក និងចូលរួមដល់កិច្ចការពារ អភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដែលទាក់ទាញទេសចរគ្រប់ជាតិសាសន៍មកកម្សាន្ត។ ជាក់ស្តែង ក្នុងរយៈពេល7ខែ ឆ្នាំ2017ខេត្តសៀមរាបទទួលបានទេសចរសរុប 3,783 ,724នាក់ កើនទ្បើង 11.94% ធៀបនឹងឆ្នាំ2016 ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន2, 367,696នាក់ កើនទ្បើង11.97% និងភ្ញៀវទេសចរអន្តរជាតិចំនួន 1,416,028នាក់ កើនទ្បើង 11.99%។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានដាក់ចេញនូវឱសានវាទត្រឹមដើមខែតុលា ឆ្នាំ2017 ឲ្យអាជីវកម្មទាំងអស់ដែលបំពានយកដីចំណីផ្លូវ ត្រូវរុះរើជាបន្ទាន់ និងដាច់ខាត និងទប់ស្កាត់ឲ្យបាននូវការរំខានដោយសំឡេងដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មដទៃទៀតដោយចុះធ្វើការណែនាំដល់ទីតាំងផ្ទាល់ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបនឹងចាត់វិធានការច្បាប់ ចំពោះម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលបន្តមិនគោរពតាមការណែនាំអប់រំកិច្ចសន្យា ដោយអាចឈានដល់ការបិទអាជីវកម្មតែម្តង៕