ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣ សែនដូស ជាជំនួយរបស់ ប្រទេសប៉ូឡូញ ដែលនឹងត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី ២៥ មករា ២០២២។ នេះបើតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា។
វ៉ាក់សាំងចំនួន ៣ សែនដូស របស់ ប៉ូឡូញ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងទទួលនៅយប់នេះ គឺជាប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca)។
ប្រទេសប៉ូឡូញ គឺជាប្រទេសទី ៧ ហើយ នៅក្នុងចំណោមប្រទេសដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ កម្ពុជា។
គិតមកដល់បច្ចុប្បន្ន កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងការបញ្ជាទិញផ្ទាល់ ទាំងជំនួយទ្វេភាគីរបស់ប្រទេសជាមិត្ត និងតាមយន្តការនៃមជ្ឈមណ្ឌល Covax របស់បណ្ដាអង្គការអន្តរជាតិ សរុបជាង ៤៣ លានដូសរួចហើយ។
បណ្ដាប្រទេសដែលបានផ្តល់ជំនួយជាវ៉ាក់សាំងមកដល់ កម្ពុជា នាពេលកន្លង រួមមាន ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់៕