ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូចខាងលើ នៅក្នុងជំនួបជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងជំនួបខាងលើដែលត្រូវបានធ្វើឡើងកាលពីព្រឹកមិញ នៅទីស្ដីការក្រសួងសាធារណការ ក៏មានវត្តមានរបស់តំណាងរបស់ក្រុមហ៊ុន HGB Group, តំណាងរបស់ក្រុមហ៊ុន Mercedes, តំណាងក្រុមហ៊ុន HGB Group និង នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាលគាំទ្រដល់ការវិនិយោគលើសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី នេះបើតាម ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។ លោកបន្ថែមថា សេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី កំពុងត្រូវបានរៀបចំ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងសហការជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ដើម្បីដំឡើងស្ថានីយបញ្ចូលថាមពលថ្ម Evs ចំនួន ៥ ទីតាំង ទៀតផង។ ទីតាំងដែលគ្រោងនឹងត្រូវដំឡើងស្ថានីយបញ្ចូលថាមពលថ្ម រួមមាន ទីស្តីក្រសួងសាធារណការ និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន ១០ ទីតាំង ដោយសហការជាមួយវិស័យឯកជន។
គណៈប្រតិភូ CAIF បានសំណូមពរឱ្យក្រសួងជួយសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដាររួម ដែលអនុញ្ញាតឱ្យរថយន្តអគ្គិសនីគ្រប់ប្រភេទ អាចប្រើប្រាស់រួមគ្នាបាន៕