Irene Zhao អាយុ ២៨ ឆ្នាំ បានដាក់រូបថត NFT (Non-Fungible Token ឬ ទ្រព្យដែលមិនអាចផ្លាស់ប្ដូរបាន) របស់ខ្លួននៅលើផ្សារជួញដូរទ្រព្យឌីជីថល ក្នុងបំណងសាកល្បងប៉ុណ្ណោះ ប៉ុន្តែ នឹកស្មានមិនដល់ថា មានការជួញដូររហូតដល់ ៦ លានដុល្លារអាម៉េរិក។
កម្រងរូបថតរបស់ Irene ត្រូវបានដាក់ឡើងលើផ្សារ NFT OpenSea កាលពីថ្ងៃទី ១៤ មករា ហើយមកដល់បច្ចុប្បន្ន មានមនុស្ស ៤៩៩ នាក់ បានទិញ ជាមួយនឹងតម្លៃសរុបឡើងដល់ ២,៣០០ ETH (ប្រាក់ឌីជីថល Ethereum) ស្មើនឹង ៦ លានដុល្លារអាម៉េរិក។ តម្លៃទាបបំផុតនៅក្នុងកម្រងរូបថតរបស់នាងគឺ ០.៩៥ ETH។ បុគ្គលល្បីឈ្មោះជាច្រើនរូបដូចជា អ្នកវិនិយោគ Mike Novogratz ឬ YouTuber Logan Paul ជាដើម ត្រូវបានគេជឿថា បានទិញរូបថត NFT រាប់សិបសន្លឹករបស់ Irene។
Irene បានប្រាប់ CoinDesk ថា ដំបូងឡើយនាងមានបំណងសាកល្បងប៉ុណ្ណោះ។ វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលរូបថត NFT ទាំងនេះត្រូវបានគេទិញអស់យ៉ាងឆាប់រហ័ស និងមានតម្លៃខ្ពស់។ «ខ្ញុំបានចេញទៅក្រៅប្រហែល ៤០ នាទី ហើយពេលត្រលប់មកវិញ កម្រងរូបថត NFT ៥០០ សន្លឹក ត្រូវបានគេទិញអស់រលីង» នាងបន្ថែមដូច្នេះ។
Irene Zhao គឺជាតារាបង្ហាញម៉ូដនៅលើ Instagram និងមានអ្នកតាមដានជិត ៤ សែននាក់នៅលើបណ្ដាញសង្គមនេះ។ កាលពីឆ្នាំ ២០២១ នាងក៏ធ្លាប់បានល្បីឈ្មោះនៅក្នុងពិភព blockchain បន្ទាប់ពីក្លាយជានាយិកាផ្នែកទីផ្សាររបស់ Konomi Network ជាគម្រោងគ្រប់គ្រងទ្រព្យឌីជីថលលើ blockchain។
រូបថតរបស់ Irene ត្រូវបានបង្កើតឡើងក្នុងបំណងធ្វើជា sticker សម្រាប់អ្នកប្រើប្រាស់ Telegram។ កម្រង sticker នេះ មានអ្នកទាញយកមកប្រើប្រាស់ជាង ២,០០០ លើក បន្ទាប់ពីបង្ហាញខ្លួនបាន ៤ ថ្ងៃ។ អ្នកគាំទ្រម្នាក់ដែលមានរហ័សនាមថា libevm បានណែនាំឱ្យ Irene សាកល្បងប្រែក្លាយវាទៅជា NFT។
រូបថត NFT របស់ Irene ត្រូវបានបង្កើតឡើងដោយយោងទៅតាមការទាក់ទាញអារម្មណ៍ពីកម្រងរូបថត Ghozali Everday របស់និស្សិតជនជាតិឥណ្ឌូណេស៊ី។ កម្រងរូបថតដែលថតក្នុងរយៈពេល ៤ ឆ្នាំ បានជួយឱ្យ Ghozali Ghozalo ក្លាយជាបុគ្គលល្បីឈ្មោះ ហើយការជួញដូររូបថតទាំងនេះមានតម្លៃឡើងដល់ ១ លានដុល្លារអាម៉េរិក៕