យោងតាមធនាគារជាតិអាម៉េរិក (FED/Federal Reserve System) ប្រាក់ដុល្លារអាម៉េរិកឌីជីថល ដែលគាំទ្រដោយរដ្ឋាភិបាល នឹងជួយឱ្យការជួញដូរ និងទូទាត់ប្រាក់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស និងងាយស្រួលសម្រាប់មនុស្សភាគច្រើន បើធៀបនឹងប្រព័ន្ធធនាគារបច្ចុប្បន្ន។
ថ្មីៗនេះ FED បានប្រកាសជាសាធារណៈអំពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់ប្រាក់ដុល្លារឌីជីថល បំណងប្រមូលមតិយោបល់ពីសាធារណជន ដើម្បីកំណត់ និងសម្រេចថា តើគួរបញ្ចេញប្រាក់ឌីជីថល ឬទេ។
ការអភិវឌ្ឍប្រាក់ដុល្លារអាម៉េរិកឌីជីថលនេះនឹងជាការផ្លាស់ប្ដូរយ៉ាងធំទាក់ទងនឹងតួនាទីរបស់រដ្ឋនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ហើយវាមានចំណុចវិជ្ជមានជាច្រើន។ ក៏ប៉ុន្តែ និយាយអំពីចំណុចអវិជ្ជមានវិញ អ្វីដែលគេអាចមើលឃើញច្បាស់ជាងគេ នោះគឺថា ភាពទាក់ទាញរបស់បណ្ដាធនាគារពាណិជ្ជកម្មនឹងត្រូវអនថយ។
ឥរិយាបថរបស់ FED ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលប្រទេសជាង ៩០ ក្នុងពិភពលោក កំពុងអភិវឌ្ឍរូបិយវត្ថុឌីជីថលដោយឡែករៀងៗខ្លួន។ ធនាគារកណ្ដាលរបស់អឺរ៉ុប បញ្ចេញ ប្រាក់អឺរ៉ូឌីជីថល (EUR) ចំណែក ប្រទេសចិន វិញ ដាក់ឱ្យប្រើប្រាស់សាកល្បង ប្រាក់យុនឌីជីថល (e-CNY) ដែលបានអភិវឌ្ឍតាំងតែពីឆ្នាំ ២០១៤។
ប្រកាសរបស់ FED ក៏បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក កំពុងស្វែងរកវិធីដើម្បីរក្សាអំណាចរបស់ប្រាក់ដុល្លារអាម៉េរិក នៅក្នុងទីផ្សារពិភពលោក៕