(ប្រទេសចិន)-ក្រុមហ៊ុនធុរកិច្ចថ្មីមួយចាប់ផ្ដើមកសាងប្រព័ន្ធផ្កាយរណប ១,០០០ គ្រឿង ដើម្បីផ្គត់ផ្គង់អ៊ីនធើណិតជំនាក់ទី ៥ (៥G) ដើម្បីចូលរួមប្រជែងដណ្ដើមទីផ្សារពី Starlink របស់ SpaceX។
ក្រុមផ្កាយរណបទូរគមនាគមន៍ដែលមានកម្លាំងខ្លាំង តម្លៃទាប ត្រូវបានផលិត សាកល្បង និងនាំទៅកាន់ទីលានបាញ់បង្ហោះសម្ងាត់រួចហើយ នេះបើតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃទី ១៨ មករា។
ក្រុមហ៊ុន GalaxySpace នៅ ប៉េកាំង ដែលជាស្ថាប័នគ្រប់គ្រងគម្រោងនេះ បានឱ្យដឹងថា ពួកគេមានផែនការផ្គត់ផ្គង់បណ្ដាញ ៥G របស់ ចិន នៅពាសពេញពិភពលោក និងប្រកួតប្រជែងជាមួយប្រព័ន្ធ Starlink នៃក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិក លោក Elon Musk នៅក្នុងទីផ្សារផ្គត់ផ្គង់សេវាអ៊ីនធើណិតល្បឿនលឿន សម្រាប់តំបន់ដាច់ស្រយាលរបស់ពិភពលោក។
ផ្កាយរណបរបស់ ចិន តូចជាង ធៀបនឹង Starlink។ ទោះជាតូចជាងបើនិយាយអំពីទំហំក៏ពិតមែន ប៉ុន្តែ ប្រព័ន្ធផ្កាយរណប ១,០០០ គ្រឿងរបស់ GalaxySpace នឹងក្លាយជាប្រព័ន្ធដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា ៥G ដែលអាចឱ្យអ៊ីនធើណិតរបស់ពួកគេមានល្បឿនលឿនជាង ៥០០ megabit/វិនាទី ជាមួយនឹងកម្រិតនៃភាពយឺតទាប។
Starlink បច្ចុប្បន្ន មានផ្កាយរណបចំនួន ២,០០០ គ្រឿង កំពុងគោចរក្នុងគន្លងតារាវិថី ហើយវានឹងកើនឡើងរហូតដល់ ៤២,០០០ គ្រឿង នៅពេលគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ។ បើទោះជាប្រើប្រាស់ប្រព័ន្ធខុសពី ៥G ប៉ុន្តែ Starlink មានសក្ដានុពលក្នុងការផ្គត់ផ្គង់សេវា ៦G នាពេលអនាគត។