ក្រុមហ៊ុនផលិតកប៉ាល់អន្តរជាតិក្វាងចូវ បានដំឡើងកប៉ាល់ដឹកអ្នកដំណើរប្រភេទប្រណិត Xianglongdao រួចរាល់ជាស្ថាពរ និងប្រគល់ឱ្យដៃគូសហការកាលពីថ្ងៃទី ១៨ មករា ២០២២។
កប៉ាល់ដឹកអ្នកដំណើរប្រណិតថ្មីមួយគ្រឿង ដែលមានឈ្មោះថា Xianglongdao ត្រូវបានបញ្ចេញពីរោងចក្រកាលពីថ្ងៃទី ១៨ មករា និងត្រូវបានប្រគល់ជូនអតិថិជននៅក្នុងខណ្ឌ Nansha នៃក្រុងក្វាងចូវ ខេត្តក្វាងទុង។
កប៉ាល់នេះមានបណ្ដោយ ២០៨ ម៉ែត្រ និងទទឹង ២៨.៦ ម៉ែត្រ។ ដោយអាចធ្វើដំណើរបាន ៤២.៦ គីឡូម៉ែត្រ/ម៉ោង Xianglongdao បានក្លាយជាកប៉ាល់ដឹកអ្នកដំណើរប្រភេទ «Ro-Ro» មានល្បឿនលឿនជាងគេបង្អស់ដែលត្រូវបានផលិតនៅ ប្រទេសចិន។
Ro-Ro គឺជាពាក្យសរសេរកាត់របស់ roll-on/roll-off ដែលមានន័យថា វាអាចដឹកទំនិញដែលមានកង់ ដូចជា រថយន្ត និងទូរថភ្លើងជាដើម ដោយមិនបាច់ប្រើប្រាស់ដងស្ទូច។
Xianglongdao អាចដាក់អ្នកដំណើរបាន ១,៣៧៥ នាក់ និងយានយន្តដែលមានខ្នាតប្រហាក់ប្រហែលនឹងរថយន្តដឹកទំនិញជាង ៥០០ គ្រឿង។ ក្នុងកប៉ាល់ប្រណិតនេះ មានបំពាក់ប្រព័ន្ធចង្ក្រានអាំងសាច់ដែលអាចផ្គត់ផ្គង់សម្រាប់មនុស្សប្រហែល ៣៤០ នាក់, បន្ទប់ការ៉ាអូខេធំមួយដែលអាចដាក់មនុស្សបាន ១០ នាក់, បន្ទប់លេងអុកមួយ, រោងភាពយន្តមួយ, ផ្សារទំនើបមួយដែលមានទំហំ ១២០ ម៉ែត្រក្រឡា និងបន្ទប់ហាត់ប្រាណមួយ។ល។