Neymar បានបញ្ជាក់ថា រូបគេចាកចេញពីក្លិប Barcelona ទៅកាន់ក្លិប Paris Saint-Germain ដើម្បីស្វែងរកការឈ្នះពានក្របខ័ណ្ឌ Champions League។
ក្លិប PSG បានចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក នៅពេលដែលពួកគេបានចុះហត្ថលេខាជាមួយនឹងតារាឆ្នើមប្រេស៊ីលរូបនេះពីក្លិប Barcelona ក្នុងតម្លៃខ្លួន 222លានអឺរ៉ូ (ស្មើនឹង261លានដុល្លារអាមេរិក) កាលពីខែមុន ខណៈដែលរូបគេបានទទួលចំណូលដល់ទៅ65.8ម៉ឺនផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែ Neymar ដែលបានឈ្នះពានធំៗចំនួន8ក្នុងរយៈពេល4រដូវកាលរួមជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi នៅប្រទេសអេស្ប៉ាញនោះ បាននិយាយថា ក្លិបថ្មីរបស់គេមានឱកាសក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ច្រើនជាងអតីតក្លិបរបស់គេ។ កីឡាកររូបនេះនឹងធ្វើការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប សម្រាប់ក្លិបថ្មីរបស់គេ នៅពេលដែល PSG ប៉ះជាមួយនឹងក្រុម Celtic នៅកីឡដ្ឋាន Parkhead នៅថ្ងៃស្អែកនេះ។
Neymar វ័យ25ឆ្នាំ បានឲ្យដឹងថា៖ «ហេតុផលមួយក្នុងចំណោមហេតុផលដ៏ធំបំផុតរបស់ខ្ញុំសម្រាប់ការចូលរួមជាមួយនឹង PSG គឺការជួយបង្កើតប្រវត្តិសាស្ត្រ។ Champions League គឺជាពានតែមួយគត់ដែលយើងចង់ឈ្នះ ប៉ុន្តែវាក៏ជាពានសំខាន់មួយផងដែរ»។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានបន្ថែមទៀតថា៖ «គោលបំណងនៅរដូវកាលនេះគឺការប្រជែងដើម្បីឈ្នះពានឱ្យបាន។ នោះគឺជាកម្រិតដែលក្លិបនេះកំពុងតែស្ថិតនៅនាពេលបច្ចុប្បន្ន។ ខ្ញុំពិតជាជឿជាក់ថា យើងអាចឈ្នះពានក្នុងយុទ្ធនាការនេះ។ យើងមិនត្រឹមតែមានគុណភាពឡើយ ប៉ុន្តែ យើងថែមទាំងមានបទពិសោធទៀតផង។ កីឡាករដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការឈ្នះពាន Champions League»។
PSG បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ តាមរយៈការផ្តួលក្រុម Metz ក្នុងលទ្ធផល 5-1 ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសុក្រ ខណៈដែលក្រុម Celtic បានយកឈ្នះក្រុម Hamilton 4-1 ក្នុងក្របខ័ណ្ឌលីកស្កុតឡេន កាលពីថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 1:45ទៀបភ្លឺ៕
ប្រភពព័ត៌មាន៖ The Sun