ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ត្រូវបានលើកតម្កើងព្រោះតែបង្កើតបានបច្ចេកវិទ្យា mRNA ដែលជាវិធីអភិវឌ្ឍវ៉ាក់សាំងប្រភេទទំនើបសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាជំងឺដទៃ នាំមកនូវប្រយោជន៍ដល់មនុស្សលោក។
VinFuture Grand Prize ដែលជាពានរង្វាន់ធំបំផុត ត្រូវបានប្រគល់ជូនដល់ក្រុមអ្នកវិទ្យាសាស្ត្រដែលនៅពីក្រោយជោគជ័យរបស់វ៉ាក់សាំងប្រភេទ mRNA ដែលប្រើសម្រាប់ទប់ស្កាត់កូវីដ-១។ ក្រុមអ្នកវិទ្យាសាស្ត្រដែលនៅពីក្រោយបច្ចេកវិទ្យា mRNA នេះ រួមមាន «ម្ដាយបង្កើត» របស់ mRNA លោកស្រីវេជ្ជបណ្ឌិត Katalin Kariko ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិហុងគ្រី ប្រចាំក្រុមហ៊ុន BioNTech, សាស្ត្រាចារ្យ Drew Weissman អ្នកវិទ្យាសាស្ត្រស្រាវជ្រាវវ៉ាក់សាំងប្រចាំសាកលវិទ្យាល័យ Pennsylvania និងសាស្ត្រាចារ Pieter Rutter Cullis ប្រធានវិទ្យាស្ថានជីវវិទ្យានៃសាកលវិទ្យាល័យ British Columbia។
សាស្ត្រាចារ្យ Pieter Rutter Cullis គឺជាអ្នកមានស្នាដៃចំពោះការស្រាវជ្រាវក្នុងការអភិវឌ្ឍគ្រាប់ណាណូលីភីដ (LNP) សម្រាប់ «ខ្ចប់» RNA និងការពារវាពីការចុះខ្សោយ អនុញ្ញាតឱ្យ mRNA ត្រូវបានបញ្ជូនដល់កោសិកា។ នៅទីនេះ mRNA «ណែនាំ» ឱ្យកោសិកាបង្កើតប្រូតេអ៊ីនដែលទាក់ទងនឹងវីរុសបង្កជំងឺ ជួយឱ្យវ៉ាក់សាំងដំណើរការ។ ប្រការនេះបានបើកផ្លូវឱ្យមានវិស័យវិទ្យាសាស្ត្រថ្មីមួយ និងវិធីសាស្ត្រថ្មីក្នុងការផលិតវ៉ាក់សាំង mRNA សម្រាប់ទប់ស្កាត់កូវីដ-១។ល។
ចំណែកសាស្ត្រាចារ្យ Katalin Karriko វិញ ផ្ដោតទៅលើការស្រាវជ្រាវ ARN ព័ត៌មាន (mRNA) ជាសម្ភារៈហ្សែនដែលផ្ទុកការណែនាំ DNA សម្រាប់ឱ្យប្រព័ន្ធបង្កើតប្រូតេអ៊ីនក្នុងកោសិកានីមួយ។ លោកស្រីជឿថា mRNA អាចប្រើប្រាស់ដើម្បីណែនាំកោសិកាឱ្យផលិតថ្នាំ រួមទាំងវ៉ាក់សាំង តាមចិត្តចង់។
អ្នកវិទ្យាសាស្ត្រទី ៣ នៃគម្រោងស្រាវជ្រាវដែលទទួលបានពានរង្វាន់ខាងលើ គឺសាស្ត្រាចារ្យ Drew Weissman ដែលជាអ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំសាកលវិទ្យាល័យ Pennsylvania (សហរដ្ឋអាម៉េរិក)។ លោកបានចំណាយពេលជាង ១៥ ឆ្នាំ ក្នុងការស្រាវជ្រាវអំពី RNA ក្នុងបំណងបង្កើតវ៉ាក់សាំងទាំងឡាយដែលអាចទប់ស្កាត់ និងព្យាបាលជំងឺគ្រប់ប្រភេទ។
ជារដូវកាលដំបូង ពានរង្វាន់ VinFuture បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អ្នកវិទ្យាសាស្ត្រទូទាំងសកលលោក។ គម្រោងស្រាវជ្រាវចំនួន ៦០០ មកពីប្រទេសចំនួន ៧០ បានចូលរួមប្រកួតប្រជែងយកពានរង្វាន់នេះ។ ពានរង្វាន់ធំជាងគេ VinFuture Grand Prize មានតម្លៃ ៣ លានដុល្លារអាម៉េរិក ចំណែកពានរង្វាន់ពិសេសចំនួន ៣ ទៀត មានតម្លៃ ៥០០,០០០ ដុល្លារ/រង្វាន់។
VinFuture គឺជាពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២០ ដោយមូលនិធិ VinFuture របស់មហាសេដ្ឋីវៀតណាម លោក Pham Nhat Vuong ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Vingroup។