Skip to content

អាថ៌កំបាំង​ដែលនាំឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នៅ​ប្រទេស​ចិន «ជោគជ័យ​ខ្លាំង» និង​ធ្វើឱ្យ Tesla ព្រួយបារម្ភ

ល្បឿន​នៃ​ការផលិត​រថយន្ត​អគ្គិសនី Xpeng មាន លឿន​ជាង Tesla ទ្វេដង និង​ធ្លាប់​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ម​ហា​សេដ្ឋី Elon Musk ជំរុញ​ល្បឿន​សាងសង់​រោងចក្រ​នៅ ប្រទេស​ចិន ដើម្បី​បង្កើន​ការប្រកួតប្រជែង។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Xpeng ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៤ ដោយ​លោក He Xiaopeng ដែលជា​អ្នកជំនួញ​ល្បី​ម្នាក់ ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នៅ ប្រទេស​ចិន។ មុនពេល​បង្កើត Xpeng លោក Xiaopengគឺជា​សហ​ស្ថាបនិក​របស់ UC Browser ដែលជា​កម្មវិធី​រុករ​កលើ​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត។ ក្រោយពី​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ​ត្រូវបាន Alibaba ទិញ លោក Xiaopeng ក៏បាន​កាន់កាប់​តំណែង​ប្រធាន​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ុន Xpeng មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាង​ចូ​វ ប្រទេស​ចិន និង​ការិយាល័យ​តំណាង​នៅ Mountain View (សហរដ្ឋ​អាម៉េរិក)។ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​រួមមាន ក្រុម​អតីត​បុគ្គលិក​របស់ Guangzhou Auto នៅ​ប្រទេស​ចិន, Ford, BMW និង​បុគ្គលិក​មកពី Tesla។

ក្រៅពីនេះ Xpeng ក៏​ថែមទាំង​ទាក់ទាញ​បាន​បុគ្គលិក​មកពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ដូចជា Xiaomi, Tencent, Samsung និង Huawei ផងដែរ ដើម្បី​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​បច្ចេកវិទ្យា​រថយន្ត​ឆ្លាត​វៃ។

លោក He Xiaopeng

He Xiaopeng ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា» របស់ Tesla ហើយ Xpeng ក៏​ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​អារម្មណ៍​ទាក់ទាញ​របស់ Tesla។

ឆ្នាំ ២០១៤ Elon Musk បានប្រកាស​ជា​សាធារណៈ​នូវ​ប័ណ្ណ​ប៉ាតង់​ជាង ២០០ របស់ Tesla ដើម្បីឱ្យ​គ្រប់គ្នា​បាន​មើល។ «មូលហេតុ​មួយ​ដែលនាំឱ្យ Xpeng ត្រូវបាន​បង្កើតឡើង​គឺ​ដោយសារ CEO របស់ Tesla ប្រកាស​បង្ហាញ​ប័ណ្ណ​ប៉ាតង់។ Tesla បាន​ជះឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដល់​ខ្ញុំ» He Xiaopeng និយាយ​ដូច្នេះ។

មិន​ត្រឹមតែ​ការស្រាវជ្រាវ​លើ​ប័ណ្ណ​ប៉ាតង់​របស់ Tesla នោះទេ Xiaopeng ថែមទាំង​ឱ្យ​បុគ្គលិក​របស់ខ្លួន «ពុះ​បំបែក» រថយន្ត Tesla ជាច្រើន​គ្រឿង​ទៀតផង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​ដោយឡែក​របស់ខ្លួន។

ឆ្នាំ ២០១៨ Xpeng ប្រមូល​ទុន​បាន ៦០០ លាន​ដុល្លារ ពី Alibaba និង​អ្នកវិនិយោគផ្សេងៗ ហើយ​ក្រុមហ៊ុន​នេះ​ក៏ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់​ជិត ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក បើទោះជា​ក្រុមហ៊ុន​នេះ​មិនទាន់បាន​លក់​ចេញ​សូម្បីតែ ១ គ្រឿង ហើយ​ជាងនេះទៀត Xpeng កាលណោះ​ក៏​មិនទាន់មាន​រោងចក្រ និង​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ផលិត​នៅឡើយ។

ក្នុង​ឆ្នាំ​ដដែល បើ​ទោះ​មិនទាន់បាន​ដាក់លក់​ជា​ផ្លូវការ ប៉ុន្តែ Xpeng បាន​យកឈ្នះ​លើ Tesla នៅក្នុង​ទីផ្សារ​ក្នុងស្រុក។ ពួកគេ​ទទួលបាន​ការបញ្ជាទិញ​រហូតដល់ ៦,០០០ គ្រឿង។ ជោគជ័យ​មួយផ្នែក​របស់ Xpeng គឺ​ដោយសារ​មាន​ទុន​គាំទ្រ​ពី​បណ្ដា​ក្រុមហ៊ុន​ខ្នាត​យក្ស ដូចជា Alibaba, Foxconn និង Xiaomi ជាដើម។

ចុងឆ្នាំ ២០២១ Xpeng បានឱ្យដឹងថា ពួកគេ​ផលិត​រថយន្ត​អគ្គិសនី​បាន ១០០,០០០ គ្រឿង ក្រោយ​បង្កើត​ក្រុមហ៊ុន​នេះ​បាន ៦ ឆ្នាំ។ ចំណែក Tesla វិញ ត្រូវ​ចំណាយពេល​រហូត​ដល់ ១២ ឆ្នាំ ទើប​ផលិត​បាន​ស្មើនឹង​បរិមាណ​នេះ។

Tesla ចំណាយពេល​ជិត ៦ ឆ្នាំ (២០០៣-២០០៨) ដើម្បី​បញ្ចេញ​រថយន្ត​ដំបូង (Roadster) ខណៈដែល Xpeng ចំណាយ​តែ ៣ ឆ្នាំ ដើម្បី​បញ្ចេញ​រថយន្ត​ដំបូង​របស់ខ្លួន​គឺ ម៉ូ​ដែល G3 ដែល​ត្រូវគេ​យល់ថា មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង Model 3 របស់ Tesla។

រថយន្ត​ Tesla (ឆ្វេង) និងរថយន្ត​ Xpeng

សរុបមក គេ​អាច​និយាយបានថា ដោយសារតែ​យកតម្រាប់​តាម​អ្នកដើរ​មុន (Tesla) ទើប Xpeng អាច​ផលិត រថយន្ត​អគ្គិសនី បាន​លឿន​ដូច្នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *