ស្រឡាង Soleil បណ្ដោយ ២២២ ម៉ែត្រ អាចធ្វើដំណើរក្នុងល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង និងមានសមត្ថភាពចូលចតដោយមិនបាច់មានមនុស្សជួយ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងដោយជោគជ័យ នៅលើផ្ទៃសមុទ្រ Iyonada។
ស្រឡាងដែលមានឈ្មោះថា Soleil ជាស្រឡាងដឹកយានយន្តស្វ័យប្រវត្តិដំបូងគេបង្អស់របស់ពិភពលោក និងត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ១៧ មករា គឺជាជលយានដែលស្ថិតក្នុងគម្រោងស្រឡាងសមុទ្រឆ្លាតវៃត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Mitsubishi និង Shin Nihonkai។
គម្រោងស្រឡាងនេះគឺជាផ្នែកមួយនៃមហាគម្រោង «ប្រព័ន្ធកំណត់ទិសស្វ័យប្រវត្ត Meguri ២០៤០» របស់អង្គការ Nippon Founation។
Soleil ដំណើរការជាលើកដំបូងកាលពីថ្ងៃទី ១ កក្កដា ២០២១ និងត្រូវបានបញ្ជាដោយក្រុមនាវិក។ ក្នុងដំណើរទៅ-មកច្រើនលើករវាងតំបន់ Shinmoji និង Iyonada ដែលមានរយៈចម្ងាយ ២៤០ គីឡូម៉ែត្រ ប្រព័ន្ធកំណត់ទិសស្វ័យប្រវត្ត Super Bridge-X របស់ស្រឡាង បានប្រមូលទិន្នន័យទាំងអស់ទាក់ទិននឹងផ្លូវត្រូវធ្វើចរាចរណ៍។ ការបើកដំណើរការសាកល្បងកាលពីថ្ងៃទី ១៧ មករាកន្លងទៅ គឺជាលើកទី ១ ហើយដែលប្រព័ន្ធស្វ័យប្រវត្ត (Soleil) នេះដំណើរការតែឯង ដោយមិនមានក្រុមនាវិកបញ្ជា។ ក្នុងការសាកល្បងនេះ Soleil ធ្វើដំណើរក្នុងល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង។
ស្រឡាង Soleil ត្រូវបានបំពាក់បច្ចេកវិទ្យាកំណត់ទិស, ប្រព័ន្ធកាមេរ៉ាអ៊ីនហ្វ្រារ៉េដ៏ទំនើប, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន, ប្រព័ន្ធចូលចត-ចាកចេញពីកំពង់ផែស្វ័យប្រវត្ត។ល។