ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមជូនចម្លើយសម្រាប់ហ្គេម ហែកគុក ដែលបានដាក់ជូនមិត្តអ្នកអានដើម្បីសាកល្បងភាពឈ្លាសវៃ និងការប៉ិនសង្កេត កាលពីថ្ងៃសៅរ៍មុន ដូចខាងក្រោមៈ
ហ្គេម ហែកគុក
ជែកសុន ត្រូវជាប់ឃុំឃាំងនៅក្នុងបន្ទប់គុកដែលសាងសង់នៅលើដី និងមានប្រឡោះបង្អួចតែមួយគត់ដែលស្ថិតនៅខ្ពស់ និងដែលគេមិនអាចតោងឡើងដល់បានឡើយ។ នៅក្នុងគុកនេះទទេស្អាត មានតែប៉ែលចូកដីតូចមួយប៉ុណ្ណោះ ហើយធាតុអាកាសនៅក្នុងបន្ទប់ឃុំឃាំងនេះក៏ស្ងួតហួតហែង និងក្តៅខ្លាំងណាស់ និងគ្មានចំណីអាហារ និងទឹកហូបទៀតផង ដូច្នេះបើសិនជាគេមិនអាចហែកគុករត់ចេញឱ្យរួចក្នុងអំឡុងពេល 2 ថ្ងៃបានទេនោះ ពិតណាស់! គេនឹងត្រូវស្លាប់យ៉ាងប្រាកដ ហើយបើប្រថុយជីករណ្តៅលូនចេញទៅក្រៅវិញ គឺត្រូវប្រើពេលច្រើនជាង 2 ថ្ងៃឯណោះ ដូច្នេះតើជែកសុននឹងមានវិធីហែកគុករត់គេចចេញបានដោយវិធីណាទៅ?
ចម្លើយដែលត្រឹមត្រូវគឺ៖
ជែកសុនត្រូវយកប៉ែលចូកដីយកមកដាក់គរជាគំនរនៅក្រោមមាត់បង្អួច ដើម្បីឱ្យវាកាន់តែខ្ពស់ឡើង រួចក៏ជាន់ឡើងចេញតាមមាត់បង្អួចដើម្បីរត់ចេញពីគុកនេះ។
ចំណែកអ្នកដែលឆ្លើយត្រូវ និងមានសំណាងបានទទួលរង្វាន់ពីគេហទំព័រ ឡារ៉ែនគឺ មិត្តអ្នកអានដែលមានឈ្មោះថា K’Beb · Setec University ។
សូមបញ្ជាក់ផងដែរថា ហ្គេមអ្នកស៊ើបអង្កេតនេះនឹងមានដាក់ជូនមិត្តអ្នកបានលេងកម្សាន្ត សាកល្បងប្រាជ្ញា សាកល្បងភាពឈ្លាសវៃ និងការប៉ិនសង្កេតរបស់ខ្លួននៅរៀងរាល់ថ្ងៃសៅរ៍ ហើយចម្លើយនឹងផ្សាយជូននៅព្រឹកថ្ងៃច័ន្ទបន្ទាប់៕
សូមអរគុណចំពោះការចូលរួមលេងកម្សាន្ត។
ស្រាវជ្រាវដោយ “តាវ៉ែនតា”