ប្រធាននាយកប្រតិបត្តិរបស់ Checkout.com លោក Guillaume Pousaz បានបោះបង់ការសិក្សានៅពេលដែលឱពុករបស់គាត់មានជំងឺមហារីក ហើយក្រោយមក លោកក៏បានរៀនជិះស្គីលើរលកទឹក មុនពេលបានចូលរួមប្រលូកក្នុងវិស័យធនាគារ។
លោក Guillaume Pousaz សិក្សាមុខវិជ្ជាសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយនៅឯស្រុកកំណើតក្នុង ប្រទេសស្វ៊ីស ដោយសង្ឃឹមថា បានធ្វើការក្នុងវិស័យធនាគារវិនិយោគ។ ក្រោយមក ឪពុករបស់គាត់មានជំងឺមហារីក ដូច្នេះ គាត់ក៏បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ ក្នុងឆ្នាំសិក្សាចុងក្រោយ (២០០៥)។
ពេលឪពុកគាត់លាចាកលោក Guillaume Pousaz ក៏ទៅរស់នៅក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក ហើយរៀនជិះស្គីលើរលកសមុទ្រ ប៉ុន្តែ ចុងក្រោយគាត់ក៏ត្រូវចូលធ្វើការឱ្យក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់មួយនៅ សហរដ្ឋអាម៉េរិក ដោយសារតែអស់លុយចាយ។
ឆ្នាំ ២០១២ លោក Guillaume Pousaz បានបង្កើតក្រុមហ៊ុនទូទាត់តាមអនឡាញ Checkout.com។ «ខ្ញុំយល់ថា ប្រឹងប្រែងធ្វើអ្វីមួយដោយខ្លួនឯង វានឹងល្អជាងការធ្វើការឱ្យអ្នកដទៃ» លោក Guillaume Pousaz ប្រាប់ Telegraph ដូច្នេះ។
កាលពីសប្ដាហ៍កន្លង ក្រុមហ៊ុននេះប្រមូលទុនបាន ១ ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគ ក្នុងនោះក៏មាន Tiger Global Management របស់ Chase Coleman និង Qatar Investment Authority ដែលជាមូលនិធិវិនិយោគជាតិរបស់ ប្រទេសកាតា។ Checkout.com ត្រូវបានកំណត់តម្លៃ ៤០ ពាន់លានដុល្លារអាម៉េរិក ជួយឱ្យទ្រព្យរបស់លោក Pousaz កើនដល់ប្រហែល ១៩.៤ ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។
តាំងពីឆ្នាំ ២០០៩ បុរសនេះបានចំណាយប្រាក់ ៣៥០,០០០ ដុល្លារ ទិញក្រុមហ៊ុនតូចមួយនៅ Mauritius ដែលមានលិខិតអនុញ្ញាតក្នុងការប្រតិបត្តិលើការទូទាត់តាមរយៈបណ្ដាញរបស់ Mastercard និង Visa។ កាលណោះ ប្រព័ន្ធអនឡាញនានា មាន Gmail ជាដើម កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងៗនៅឡើយ។
ជំហានដ៏ធំមួយបានកើតឡើងចំពោះក្រុមហ៊ុននេះ កាលពី ៥ ឆ្នាំមុន។ Checkout ត្រូវបានក្រុមហ៊ុន Netflix ជ្រើសរើសជាដៃគូផ្គត់ផ្គង់សេវាទូទាត់វិក្កយបត្ររបស់ខ្លួន។ ប្រការនេះបានជួយឱ្យ Pousaz ប្រមូលទុនបានជាលើកដំបូង។ កាលណោះ តម្លៃមូលធនទីផ្សាររបស់ Checkout ត្រូវបានកំណត់ត្រឹមតែ ២ ពាន់លានដុល្លារប៉ុណ្ណោះ។
Checkout រីកចម្រើនបានយ៉ាងលឿនចាប់តាំងពីត្រូវបានបង្កើតឡើង។ ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបើកការិយាល័យថ្មីនៅក្នុងប្រទេសចំនួន ៦ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះធ្វើសកម្មភាពនៅក្នុងប្រទេសជាង ២។ អតិថិជនរបស់ Checkout មានដូចជា ក្រុមហ៊ុន Pizza និង Coinbase ជាដើម។
ក្រុមហ៊ុនដែលមានការិយាល័យកណ្ដាលនៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នេះ បានឱ្យដឹងថា ទុនដែលប្រមូលបាននឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មនៅ សហរដ្ឋអាម៉េរិក និងវិនិយោគទៅលើវិស័យបច្ចេកវិទ្យា។
ទ្រព្យដែលបានកើនឡើងខ្ពស់ បានជួយឱ្យ Pousaz បើកបានក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួន Zinal Growth។ ក្រុមហ៊ុននេះវិនិយោគទៅលើបណ្ដាក្រុមហ៊ុនធុរកិច្ចថ្មី (startup) មានដូចជា Ziina និង Wayflyer ក៏ដូចជាក្រុមហ៊ុន blockchain Snickerdoodle Labs ជាដើម។
បើទោះជាមានទ្រព្យច្រើន ប៉ុន្តែ Pousaz នៅតែរក្សាទម្លាប់រស់នៅតាមបែបសាមញ្ញ។ បច្ចុប្បន្ន គាត់ និងគ្រួសារ រស់នៅក្នុង ទីក្រុងឌូបៃ របស់ ប្រទេសអារ៉ាប់រួម (United Arab Emirates) ដើម្បីគ្រប់គ្រងមុខជំនួញនៅ មជ្ឈិមបូព៌ា៕