ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបេក្ខជនជាប់បាក់ឌុប ចំនួន ៩,៨១៨ នាក់ ឱ្យទទួលអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃ នេះបើតាម ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បេក្ខជនជាប់បាក់ឌុប ចំនួន ៩,៨១៨ នាក់ ដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលបានអាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា បេក្ខជនដែលចុះឈ្មោះសុំអាហារូបករណ៍ នឹងត្រូវទទួលយកលក្ខខណ្ឌចំនួន ២ គឺ៖ ទី ១ ជ្រើសរើសតាមប្រព័ន្ធកុំព្យូទ័រ ដោយផ្អែកលើនិទ្ទេសរួមនៃលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១។ ចំណែក លក្ខខណ្ឌទី ២ គឺតាមរយៈការប្រឡងរបស់បេក្ខជននៅតាមគ្រឹះស្ថានសិក្សានានា និងមិនទាន់បានជាប់អាហារូបករណ៍នៅឡើយ។
គួររំលឹកផងដែរថា យោងតាមលទ្ធផលដែលបង្ហាញដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់សរុបចំនួនជាង ៧០,០០០ នាក់ ស្មើនឹង ៦៥,៦៥% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មានរហូតដល់ ១,៧៥៣ នាក់ ដែលតួលេខនេះខ្ពស់ជាងឆ្ងាយ បើធៀបនឹងបេក្ខជនជាប់និទ្ទេស A ៤៤៣ នាក់ កាលពីឆ្នាំ ២០១៩៕