ក្រុមហ៊ុនធុរកិច្ចថ្មី ដែលមានជំនាញផ្នែកបច្ចេកវិទ្យាអាហារ Plantish របស់ អ៊ីស្រាអែល កំពុងបំពេញបេសកកម្មសង្គ្រោះមហាសមុទ្រ តាមរយៈការអភិវឌ្ឍសាច់ត្រីសិប្បនិម្មិត។
Plantish កាលពីថ្ងៃទី ១៣ មករា បានប្រកាសថា មុខម្ហូប «សាច់ត្រីសាល់ម៉ុងសម្រាប់អ្នកចូលចិត្តបន្លែ» របស់ពួកគេ ត្រូវបានធ្វើត្រាប់តាមរូបមន្ត រចនាសម្ព័ន្ធ និងក្លិនរបស់ត្រីពិត។ វាត្រូវបានធ្វើឡើងអំពីម្សៅសណ្ដែក ផ្សំជាមួយប្រេងសារ៉ាយ និងវត្ថុធាតុស្អិតមួយចំនួនផ្សេងទៀត។
ផលិតផលនេះក៏ផ្ដល់ប្រូតេអ៊ីន, អូមេហ្គា-៣, អូមេហ្គា-៦ និងវីតាមីន-B ប៉ុន្តែ ពុំមានផ្ទុកសារធាតុបារត និងមីក្រូប្លាស្ទិក ជាដើម ដែលអាចមាននៅក្នុងត្រីសមុទ្រ។
ក្រុមហ៊ុន Plantish កំពុងសហការជាមួយមេចុងភៅល្បីឈ្មោះ Jone Andres ដើម្បីផ្គត់ផ្គង់មុខម្ហូបធ្វើអំពីសាច់ត្រីសាល់ម៉ុងសិប្បនិម្មិតរបស់ពួកគេ នៅភោជនីយដ្ឋានមួយចំនួនដែលបានជ្រើសរើសនៅក្នុងឆ្នាំនេះ និងឆ្ពោះទៅរកការដាក់លក់ក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២។
Plantish ផលិតសាច់ត្រីសាល់ម៉ុងធ្វើអំពីរុក្ខជាតិនេះដោយប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ភ ៣D ជាវិធីមួយដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ផលិតអាហារសិប្បនិម្មិតដែលមានប្រភពពីរុក្ខជាតិ។
IMARC Group ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារលំដាប់កំពូលរបស់ពិភពលោក បានឱ្យដឹងថា ទីផ្សារអាហារសមុទ្របច្ចុប្បន្នមានតម្លៃប្រហែល ៥៨៦ ពាន់លានដុល្លារ ក្នុងនោះត្រីសាល់ម៉ុង មានចំណែកទីផ្សារ ៥០ ពាន់លានដុល្លារ។
ការនេសាទហូសកម្រិតកំពុងតែគំរាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅក្រោមទឹកសមុទ្រ នាំឱ្យប្រភេទត្រីសមុទ្រមួយចំនួនប្រឈមនឹងការផុតពូជ។ ដូច្នេះ ក្រុមហ៊ុន Plantish សង្កត់ធ្ងន់ថា ពួកគេកំពុងបំពេញបេសកកម្មជួយសង្គ្រោះត្រីសមុទ្រ៕