Oxfam ឱ្យដឹងថា ជំងឺរាតត្បាតសកល បានបង្កើតមហាសេដ្ឋីថ្មីចំនួន ២០ នាក់ទៀត នៅ ទ្វីបអាស៊ី ទន្ទឹមនឹងនេះក៏បានរុញច្រានមនុស្សប្រមាណ ១៤០ លាននាក់ ឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ដោយសារតែបាត់បង់ការងារ។
ដោយដកស្រង់របាយការណ៍របស់ Oxfam សារព័ត៌មាន The Guardian បានឱ្យដឹងថា គិតត្រឹមខែមីនា ២០២១ ប្រាក់ចំណេញដែលបានមកពីឱសថ សម្ភារៈវេជ្ជសាស្ត្រ សេវាចាំបាច់ដើម្បីទប់ទល់នឹង កូវីដ-១៩ បានជួយឱ្យមនុស្សចំនួន ២០ នាក់ ក្លាយជាមហាសេដ្ឋីថ្មី។ ពួកគេមកពី ចិនដីគោក ហុងកុង ឥណ្ឌា ជប៉ុន។
ចំនួនមហាសេដ្ឋីសរុបនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងជិត ៣០% ពី ៨០៣ នាក់កាលពីខែមីនា ២០២០ ឡើងដល់ ១,០៨៧ នាក់ នៅខែវិច្ឆិកា ២០២១។ បរិមាណនៃទ្រព្យរបស់ក្រុមមហាសេដ្ឋីនេះ ក៏កើន ៧៤%។
ទិន្នន័យរបស់ Oxfam ក៏បានបង្ហាញថា អ្នកមានបំផុត ១% មានទ្រព្យច្រើនជាងអ្នកក្របំផុតដែលមានចំនួន ៩០% ទឿទៀត នៅក្នុងតំបន់។ Mustafa Talpur មេដឹកនាំនៃយុទ្ធនាការនានានៅ Oxfam អាស៊ី បានឱ្យដឹងថា ប្រការនេះពិតជាគួរឱ្យខឹង និងមិនអាចទទួលយកបាន។
«អ្នកក្រីក្រជាច្រើននៅ អាស៊ី ត្រូវគេបោះបង់ចោលនៅក្នុងវិបត្តិជំងឺរាតត្បាត។ ពួកគេត្រូវប្រឈមនឹងហានិភ័យធ្ងន់ធ្ងរផ្នែកសុខភាព ការងារ និងត្រូវបានរុញច្រានដល់ផ្លូវទាល់ ហើយសមិទ្ធិផលក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកក៏ត្រូវបាត់បង់។ ក្នុងគ្រាដូចគ្នានេះ ទ្រព្យសម្បត្តិរបស់ក្រុមអ្នកមាន ចេះតែកើនឡើង» លោក Mustafa Talpur និយាយដូច្នេះ។
ឆ្នាំ ២០២០ អង្គការពលកម្មអន្តរជាតិ (ILO) គណនាឃើញថា ការងារប្រហែល ៨១ លាន ត្រូវបានបាត់បង់ ធ្វើឱ្យមនុស្សពី ២២ ទៅ ២៥ លាននាក់ ធ្លាក់ក្នុងភាពក្រីក្រ។ ផ្ទុយទៅវិញ មហាសេដ្ឋីនានានៅ អាស៊ី-ប៉ាស៊ីហ្វ្រិ បានឃើញទ្រព្យរបស់ខ្លួនកើន ១.៤៦ ពាន់លានដុល្លារ។ តួលេខនេះគ្រប់គ្រាន់សម្រាប់ផ្ដល់ប្រាក់បៀវត្សរ៍ជិត ១០,០០០ ដុល្លារ ដល់អ្នកទាំងឡាយដែលបានបាត់បង់ការងារ។
គម្លាតរវាងអ្នកមាន និងអ្នកក្រ ចេះតែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ Credit Suisse បានព្យាករថា ដល់ឆ្នាំ ២០២៥ អាស៊ី-ប៉ាស៊ីហ្វិក នឹងមានមនុស្សចំនួន ៤២,០០០ នាក់ទៀត ដែលមានទ្រព្យច្រើនជាង ៥០ លានដុល្លារអាម៉េរិក ខណៈដែលមហាសេដ្ឋីមានចំនួន ៩៩,០០០ នាក់។ IMF និង World Bank សុទ្ធតែយល់ថា កូវីដ-១៩ នឹងបង្កឱ្យមានវិសមភាពផ្នែកសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
Mustafa Talpur វាយតម្លៃថា ប្រព័ន្ធនយោបាយកំពុងតែការពារផលប្រយោជន៍របស់អ្នកមានមួយក្រុមតូច។ រដ្ឋាភិបាលជាច្រើនបានបរាជ័យជាបន្តបន្ទាប់ក្នុងការធានាលើការរក្សាការងាររបស់ពលករភាគច្រើននៅក្នុងវិបត្តិកូវីដ-១។ លោកថា «នេះគឺជាពេលដែលត្រូវមានសាមគ្គីភាពសកល ក៏ប៉ុន្តែ បណ្ដាប្រទេសអ្នកមាន និងបណ្ដាក្រុមហ៊ុនផលិតឱសថធំៗ បានបែរខ្នងធ្វើព្រងើយ»៕