ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីដ៍កម្រមួយ រវាងរដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា និងប្រតិភូភាគីរដ្ឋមន្ត្រីក្រសួងសារធារណការថៃ ក្នុងនោះភាគីទាំងពីបានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ និងការចាប់ផ្តើមសាងសង់ស្ពានស្ទឹងបត់-នង ដើម្បីអាចធ្វើដំណើរតាមផ្លូវដែកបាននៅឆ្នាំ2018ខាងមុខ។
ក្នុងជំនួបជាផ្លូវការនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមរដ្ឋមន្ត្រីថៃដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរបន្ថែមទៀតដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានបញ្ចប់ និងកំពុងដំណើរដែលក្រសួងទាំងពីរបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាលើការបញ្ចប់អនុស្សរណៈយោគយល់ស្តីពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន និងការសាងសង់ស្ថានីយរថភ្លើងថ្មីដែលមានទីតាំងជាយុទ្ធសាស្ត្រនៅតាមព្រំដែនដែលត្រូវបានស្នើឡើង ទាក់ទងនឹងរបៀបវារៈហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលខាងប្រទេសថៃបានបរិច្ចាគដល់កម្ពុជានូវក្បាលរថភ្លើង ដឹកអ្នកដំណើរដើរដោយប្រេងម៉ាស៊ូត។
ចំណុចផ្សេងទៀតក្នុងរបៀបវារៈកិច្ចប្រជុំរួមមាន ការជូនដំណឹងដល់ឯកឧត្តមទេសរដ្ឋមន្ដ្រី អំពីការចាប់ផ្តើមសាងសង់ស្ពានស្ទឹងបត់-នង ដោយការបុកបង្គោលគ្រឹះ នៅខាងព្រំដែនរបស់ភាគីថៃ និងនាយករដ្ឋមន្ត្រីថៃមានបំណងស្នើសុំបង្កើតសេវាឡានក្រុងតាមបណ្តោយច្រករបៀង ទីក្រុងបាងកក-ភ្នំពេញ-ហូជីមិញ។
ឯកឧត្តមរដ្ឋមន្ដ្រីទាំងពីររូប បានយល់ព្រមជួបពិភាក្សាការងារជាថ្មីម្តងទៀតនៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់ឱ្យបានចប់សព្វគ្រប់ និងគម្រោងសាងសង់ស្ពានស្ទឹងបត់-នង។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្លូវដែកចំនួន2ខ្សែ ទី1ចេញពីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែង386គីឡូម៉ែត្រ ត្រូវបានសាងសង់ចន្លោះពីឆ្នាំ1929 ដល់ឆ្នាំ1942 និងខ្សែទី2 ចេញពីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ មានចម្ងាយសរុប 266គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ 1960 ដល់ឆ្នាំ1969៕