(ជប៉ុន)-ក្រុមហ៊ុន SkyDrive អភិវឌ្ឍមធ្យោបាយហោះហើរលក្ខណៈបុគ្គលដែលអាចហោះចម្ងាយ ១៩ គីឡូម៉ែត្រ ក្រោយពីបញ្ចូលថាមពលពេញ ជួយឱ្យអ្នកប្រើប្រាស់អាចបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមដងផ្លូវលើដី។
នឹងជាប្រការដ៏អស្ចារ្យ បើសិនជាអ្នកអាចហោះពីខាងលើយន្តរថយន្តទាំងឡាយដែលកំពុងស្ថិតក្នុងស្ថានភាពកកស្ទះចរាចរណ៍។ ក្រុមវិស្វកររបស់ក្រុមហ៊ុនជប៉ុន SkyDrive ក៏គិតដូច្នេះ។ ក្នុងអនាគត អាកាសនឹងក្លាយជាផ្លូវថ្មីដែលពេញនិយមជាងគេ។
នៅឯព្រឹត្តិការណ៍ពិព័រណ៍ឧបករណ៍អេឡិចត្រូនិក (CES) ២០២២ ក្រុមហ៊ុន SkyDrive បានប្រកាសគម្រោងថ្មីរបស់ខ្លួន។ នោះគឺម៉ូដែលគំរូនៃឧទ្ធម្ភាគចក្រ ២ កៅអីថ្មីដែលមានឈ្មោះថា SD-០។
Keisuke Yasukochi មកពីក្រុមហ៊ុន SkyDrive ឱ្យដឹងថា «នេះគឺជាម៉ូដែលគំរូដែលអាចដំណើរការបាន និងមានឈ្មោះថា SD-០។ យើងបានសាកល្បងហោះហើរមានមនុស្សបើកកាលពី ១៨ ខែមុន។ យើងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍម៉ូដែលបន្ទាប់ និងកំពុងស្វែងរកវិធីដើម្បីដាក់លក់យន្តហោះនេះនៅលើទីផ្សារចាប់ពីឆ្នាំ ២០២៥»។
ជាមូលដ្ឋាន វាគឺជាម៉ូដែលឧទ្ធម្ភាគចក្រអគ្គិសនីខ្នាតតូច។ អ្នកប្រើប្រាស់មិនត្រូវការកន្លែងធំទូលាយដើម្បីហោះឡើង ឬចុះចត។ SD-០៣ គឺជាយន្តហោះដែលហោះឡើង និងចុះចតត្រង់។ មធ្យោបាយធ្វើដំណើរនេះនាំមកនូវបទពិសោធន៍នៃការហោះហើរយ៉ាងស្រួល និងមិនបញ្ចេញឧស្ម័នពុល។
អេក្រង់របស់យន្តហោះនេះនឹងផ្ដល់ឱ្យអ្នកប្រើប្រាស់នូវការឆ្លើយតបជាក់ស្ដែង និងភ្លាម។ SD-០៣ ត្រូវបានបំពាក់ប្រព័ន្ធកំណត់ទិស (GPS)។ អ្នកប្រើប្រាស់អាចហោះឡើងដល់កម្ពស់ ៤៨៨ ម៉ែត្រ និងហោះក្នុងរយៈចម្ងាយ ១៩ គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលពេញ។
តាមគម្រោង SD-០៣ នឹងក្លាយជាយន្តហោះអគ្គិសនីដែលហោះឡើង និងចុះចតត្រង់តូចបំផុតក្នុងពិភពលោក។ យន្តហោះនេះមានកម្ពស់ ១.៨ ម៉ែត្រ និងទទឹង ៣.៧ ម៉ែត្រ។ ក្រុមហ៊ុន SkyDrive រំពឹងថា នឹងអាចដាក់លក់ SD-០៣ ចាប់ពីឆ្នាំ ២០២៥៕