Baby Shark ជាបទចម្រៀងសប្បាយរីករាយ ដែលកុមារនៅទូទាំងពិភពលោកចូលចិត្តទស្សនា ប៉ុន្តែ ធ្វើឱ្យអាណាព្យាបាល «ធុញទ្រាន់» ព្រោះតែត្រូវស្ដាប់ច្រើនដងពេក ត្រូវបានទទួលស្គាល់ថា បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ។
Youtube បានទទួលស្គាល់ថា Baby Shark មិនត្រឹមតែជាបទចម្រៀងដែលមានអ្នកចូលមើលរហូតដល់ ១ ម៉ឺនលាន (១០,០០០,០០០,០០០) លើកនោះទេ ប៉ុន្តែ ក៏ជាវីដេអូតែមួយនៅលើបណ្ដាញសង្គមនេះ ដែលបង្កើតបានកំណត់ត្រាអស្ចារ្យយ៉ាងដូច្នេះ។
Baby Shark ដែលជាផលិតផលរបស់យីហោ កូរ៉េខាងត្បូង Pinkfong ត្រូវបានបង្ហោះលើ Youtube កាលពីឆ្នាំ ២០១៦ ហើយក៏បានទាក់ទាញអ្នកចូលទស្សនាយ៉ាងច្រើននៅ ទ្វីបអាស៊ី មុនពេលទៅដល់ ទ្វីបអាម៉េរិក អឺរ៉ុបនិងបណ្ដាប្រទេសផ្សេងៗទៀត។ល។
វីដេអូដែលមានលក្ខណៈសាមញ្ញ និងសប្បាយរីករាយនេះ បានទទួលជោគជ័យលើសពីការរំពឹងទុករបស់ Pinkfong ទៅទៀត។ ក៏ប៉ុន្តែ ការស្ដាប់ច្រើនដងពេក ធ្វើឱ្យអាណាព្យាបាលខ្លះមានការធុញទ្រាន់នឹង Baby Shark។ យ៉ាងណាក៏ដោយ បទចម្រៀងកុមារនេះនៅតែមានភាពទាក់ទាញខ្លាំងចំពោះកុមារតូច។
Pinkfong គឺជាឈ្មោះនៃយីហោផ្នែកអប់រំកុមារមួយរបស់ក្រុមហ៊ុន SmartStudy ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យអប់រំ និងកម្សាន្តរបស់ កូរ៉េខាងត្បូង។ SmartStudy គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung Publishing Co Ltd។ ខ្លឹមសាររបស់ Pinkfong ផ្ដោតសំខាន់ទៅលើបទចម្រៀងសម្រាប់កុមារ ក្នុងនោះ Baby Shark គឺជាបទចម្រៀងល្បីឈ្មោះបំផុតរបស់ក្រុមហ៊ុន។ ឆាណែល Youtube ផ្លូវការរបស់ Pinkfong ក៏មានអ្នកចុះឈ្មោះតាមដានជិត ៥៥ លាននាក់ផងដែរ៕