ក្រុមហ៊ុនរបស់ អង់គ្លេស បានទទួលជោគជ័យក្នុងការធ្វើតេស្តយានគំរូដែលហោះឡើងត្រង់ និងមានទំហំស្មើពាក់កណ្ដាលនៃទំហំរបស់រថយន្ត។
ក្រុមហ៊ុនធុរកិច្ចថ្មី ឈ្មោះ Bellwether Industries ដែលមានទីស្នាក់ការនៅ ក្រុងឡុងដ៍ កាលពីថ្ងៃទី ១២ មករា បានបញ្ចេញវីដេអូមួយ ស្ដីពីការហោះហើរសាកល្បងនាទីក្រុងឌូបៃ របស់គំរូយាន Volar ដែលអាចហោះឡើងត្រង់ និងប្រើប្រាស់អគ្គិសនីសុទ្ធ។ ការហោះហើរសាកល្បងនេះត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ២០។ យានដែលមានទំហំប៉ុនពាក់កណ្ដាលនៃរថយន្តនេះ ហោះឡើងដល់កម្ពស់ ៤ ម៉ែត្រ និងល្បឿន ៤០ គីឡូម៉ែត្រ/ម៉ោង។
Volar ត្រូវបានរចនាឡើងសម្រាប់លក់ជូនបុគ្គលណាដែលមានបំណងប្រើប្រាស់វាជំនួសរថយន្ត ដើម្បីចូលរួមរំដោះដងផ្លូវនៅលើដី ទុកផ្លូវសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងអាចដើរតួជាតាក់ស៊ីហោះបានផងដែរ។
ក្រុមហ៊ុន Bellwether Industries គ្រោងនឹងអភិវឌ្ឍយាននេះឱ្យមានរូបរាងធំពេញលេញ និងសាកល្បងហោះហើរនៅឆ្នាំ ២០២៣។ កំណែចុងក្រោយនឹងត្រូវបានដាក់លក់ជាបន្តបន្ទាប់នៅឆ្នាំ ២០២៨ សម្រាប់គោលដៅដឹកជញ្ជូនតាមសំណើ ហើយឆ្នាំ ២០៣០ នឹងមានលក់ជាសាធារណៈ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បើកបរទៅកាន់កន្លែងធ្វើការបានឆាប់រហ័ស។
Volar មានប្រព័ន្ធរុញច្រានដែលរួមមានកង្ហារនានាបង្កប់នៅខាងក្នុង និងមិនមានស្លាបវែងលយចេញមកក្រៅ។ យាននេះនឹងបញ្ចូលថាមពលនៅលើដី ដូចទៅនឹងស្ថានីយបញ្ចូលថាមពលរបស់រថយន្ត Tesla។
គំរូយានបច្ចុប្បន្ន មានកន្លែងអង្គុយចំនួន ២ ប៉ុន្តែ កំណែចុងក្រោយនឹងមានចាប់ពី ៤ ដល់ ៥ កៅអី ល្មមសម្រាប់មួយគ្រួសារ និងអាចហោះកម្ពស់ ៩១៥ ម៉ែត្រ ក្នុងល្បឿន ២២០ គីឡូម៉ែត្រ/ម៉ោង៕