(ហុងកុង)-ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍរ៉ូបូតគំរូ ដែលមានរូបរាងដ៏ល្អិត អាចនាំយកថ្នាំទៅកាន់ទីតាំងដែលបានកំណត់នៅក្នុងសរសៃឈាម ដើម្បីសម្អាតកំណកឈាម ដោយមានការបញ្ជាពីខាងក្រៅ។
ក្នុងអនាគត កំណកឈាមអាចត្រូវបានសម្អាត ដោយការប្រើប្រាស់រ៉ូបូតតូចល្អិត ដែលមានសមត្ថភាពនាំថ្នាំចូលទៅក្នុងសរសៃឈាម នេះបើតាមសារព័ត៌មាន Mail។ ការស្រាវជ្រាវថ្មីនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី ACS Nano។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហុងកុង នៃប្រទេសចិន អភិវឌ្ឍរ៉ូបូតនេះដោយយោងទៅតាមកន្ទុយរបស់បាក់តេរី E. coli។ រ៉ូបូតនេះមានរូបរាងដូច វិសដែក។ វាត្រូវបានបញ្ជាដោយឥទ្ធិពលមេដែកពីខាងក្រៅ និងអាចចល័តបណ្ដោយ ឬបញ្ច្រាសចរន្តឈាម។
ការពិសោធនៅលើសរសៃឈាមក្លែងក្លាយដែលផ្ទុកឈាមជ្រូក បង្ហាញថា រ៉ូបូតនេះធ្វើឱ្យសារធាតុដែលប្រើប្រាស់សម្រាប់រំលាយកំណកឈាម មានប្រសិទ្ធភាពជាងធម្មតារហូតដល់ ៥ ដងឯងណោះ។
ការពិសោធដំណាក់កាលដំបូង ទទួលបានជោគជ័យ ហើយក្រុមអ្នកវិទ្យាសាស្ត្រកំពុងរកវិធីធ្វើការពិសោធបន្ទាប់ដោយប្រើប្រាស់រ៉ូបូតនេះនៅក្នុងបរិស្ថានដែលដូចទៅនឹងការពិតជាងមុន៕