ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី (App) សម្រាប់តាមដាន និងគ្រប់គ្រងទិន្នន័យ នៃការអនុវត្តន៍គម្រោងស្ថាបនា និងវាយតម្លៃលើការអនុវត្តន៍គម្រោងនៅតាមការដ្ឋានសាងសង់។ល។
កិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App) ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុលដែលជារដ្ឋមន្ត្រី ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង ពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍន៍កម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក។
កម្មវិធីដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍនេះ មានឈ្មោះថា «គម្រោង PR Care»។ កម្មវិធីនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការតាមដាន គ្រប់គ្រងទិន្នន័យនៃការអនុវត្តន៍គម្រោងស្ថាបនា វាយតម្លៃមធ្យោបាយនៃការអនុវត្តន៍គម្រោងនៅតាមការដ្ឋាននានា ក្នុងនោះរួមទាំងទិន្នន័យស្ដីពីធនធានមនុស្ស សម្ភារៈគ្រឿងចក្រ និងរបាយការណ៍វឌ្ឍនភាពការងារ ចាប់តាំងពីពេលបើកការដ្ឋានសាងសង់ រហូតដល់ពេលសម្ពោធដាក់ឱ្យប្រើប្រាស់៕