(អ៊ីតាលី)-នាវាទេសចរណ៍ខ្នាតយក្ស Air Yacht ដែលមានបណ្ដោយ ១៥០ ម៉ែត្រ រួមមាន បាឡុងធំៗចំនួន ២ និងបន្ទប់ស្នូលនៅកណ្ដាល តភ្ជាប់គ្នាដោយស្ពានថ្មើរជើង។
ក្រុមហ៊ុនអ៊ីតាលី Lazzarini បានបង្ហើបឱ្យដឹងអំពីគម្រោងអភិវឌ្ឍយានថ្មីដែលមានឈ្មោះថា Air Yacht មានសមត្ថភាពធ្វើដំណើរទាំងនៅលើទឹក និងនៅលើអាកាស។ Ari Yacht នឹងត្រូវបានអភិវឌ្ឍសម្រាប់បុគ្គលដែលចូលចិត្តនាវាលំដាប់ខ្ពស់ និងការអភិវឌ្ឍអាកាសចរណ៍។
Air Yacht នឹងត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់សរសៃកាបូន ជាមួយនឹងបណ្ដោយប្រមាណ ១៥០ ម៉ែត្រ និងទទឹង ៨០ ម៉ែត្រ។ បាឡុងទាំង ២ របស់ Air Yacht ផ្ទុកឧស្ម័ន អេល្យូម ៤០០,០០០ ម៉ែត្រគូប និងមានម៉ូទ័រចំនួន ៨ គ្រឿង ដែលប្រើប្រាស់អាគុយប្រភេទស្រាល និងផ្ទាំងសូឡា។ យាននេះអាចហោះក្នុងល្បឿន ១១០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៤៨ ម៉ោង។
ក្នុង Air Yacht មានបន្ទប់គេង ម៉ាស៊ីនបោកគក់ អនុញ្ញាតឱ្យភ្ញៀវអាចស្ថិតនៅលើយានច្រើនថ្ងៃ។ យាននេះក៏មានបង្អួច និងទីសម្រាប់គយគន់ទេសភាពនៃរលកទឹកពេលចល័តលើសមុទ្រ ឬស្រូបយកខ្យល់អាកាសនៅពេលហោះលើកម្ពស់ ១,៥០០ ម៉ែត្រ។
បាឡុងរាងទ្រវែងទាំង ២ តភ្ជាប់នឹងបន្ទប់ស្នូលនៅចំកណ្ដាលដោយស្ពានថ្មើរជើងចំនួន ។ ទូស្នូលដែលជាទីតាំងរួម មាន អាងហែលទឹក លម្ហសម្រាប់សកម្មភាពសាធារណៈ សាលសម្រាប់ភ្ញៀវជួបជុំគ្នាដើម្បីបន្ធូរអារម្មណ៍និងទទួលទានអាហារ។ នៅលើដំបូលរបស់វាក៏មានទីលានសម្រាប់ឧត្ថម្ភាគចក្រចុះចតផងដែរ។
Air Yacht បន្ទាបខ្លួនដោយប្រើប្រាស់ម៉ូទ័រ និងអាចចតដោយប្រព័ន្ធចូលចត និងប្រព័ន្ធបន្ថយសម្ពាធអេល្យូម។ វាក៏អាចធ្វើដំណើរលើផ្ទៃទឹកក្នុងល្បឿន ៩ គីឡូម៉ែត្រ/ម៉ោង ប្រកបដោយភាពរលូន៕