អ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារអវកសអាម៉េរិក (NASA) បានស្នើឱ្យមានការសាងសង់ខែលម៉ាញេទិក (ខែលមេដែក) ការពារពិភពព្រះអង្គារពីថាមពលកម្រិតខ្ពស់ដែលជះចេញពីព្រះអាទិត្យ ដើម្បីជួយកែប្រែភពនេះឱ្យក្លាយទៅជាទីឋានដែលអាចទ្រទ្រង់ជីវិត។
អ្នកវិទ្យាសាស្ត្ររបស់ NASA លោក Jim Green បានចូលនិវត្តន៍ចាប់ពីថ្ងៃទី ១ មករា ប៉ុន្តែ មុននោះ លោកបានលើកសំណើស្ដីពីគម្រោងកែប្រែភពព្រះអង្គារ ដើម្បីអាចឱ្យមនុស្សអាចរស់នៅទីនោះបាន។
គម្រោងរបស់លោកគឺការសាងសង់ខែលបញ្ចេញដែនម៉ាញេទិកខ្នាតយក្ស ស្ថិតនៅចន្លោះភពអង្គារ និងព្រះអាទិត្យ ដើម្បីការពារភពអង្គារពីថាមពលកម្រិតខ្ពស់ពីព្រះទិនករ ដែលជាកត្តាបានបំផ្លាញទឹក និងបរិយាកាសរបស់ភពក្រហមក្នុងអំឡុងរាប់លានឆ្នាំកន្លង។
នៅពេលភពអង្គារត្រូវបានការពារពីថាមពលព្រះអាទិត្យ សីតុណ្ហភាពចុងក្រោយនឹងកើនដល់កម្រិតមួយដែលធ្វើឱ្យ CO2 នៅតំបន់ប៉ូលត្រូវភាយឡើងទៅលើអាកាស និងចល័តត្រលប់មកកាន់បរិយាកាសជុំវិញភពអង្គារ ហើយជំរុញឱ្យមានបាតុភូតផ្ទះកញ្ចក់។
លោក Green និយាយថា៖ «នៅពេលដែលមិនត្រូវបានបំផ្លាញ សម្ពាធនឹងកើនឡើង។ ភពអង្គារនឹងត្រូវបានកែប្រែដោយខ្លួនវាផ្ទាល់។ នោះគឺជាអ្វីដែលយើងគ្រប់គ្នាចង់បាន។ នៅពេលសម្ពាធកើនឡើង សីតុណ្ហភាពក៏កើនឡើង»។
លោកបន្តថា សីតុណ្ហភាព និងសម្ពាធកើនឡើងខ្ពស់ជាងបច្ចុប្បន្ន ជួយឱ្យវាចាប់ផ្ដើមដំណើរការនូវលក្ខខណ្ឌដែលអនុញ្ញាតឱ្យមនុស្សដាំដំណាំនៅលើភពអង្គារ ហើយក្នុងអនាគត មនុស្សអាចធ្វើដំណើរទៅមកលើភពនេះតាមចិត្តចង់ ដោយមិនចាំបាច់ប្រើប្រាស់ឈុតសម្លៀកបំពាក់អវកាស៕