ការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ជាកិត្តិយសមួយសម្រាប់ខ្លួនឯង និងគ្រួសារ តែអ្នកធ្លាក់បាក់ឌុបវិញក៏មិនមែនមានន័យថា បាត់បង់កិត្តិយសធ្ងន់ធ្ងរ ឬមិនអាចជោគជ័យក្នុងជីវិតនោះទេ ប្រសិនបើគេចេះកែប្រែស្ថានភាពឱ្យល្អប្រសើរឡើង។
តាមពិតទៅអ្នកធ្លាក់បាក់ឌុបទាំងអស់មិនប្រាកដថា ពួកគេមិនខំប្រឹងប្រែងរៀននោះទេ តែពេលខ្លះមកពីសមត្ថភាព ឬកាលៈទេសៈណាមួយបណ្តាលឱ្យគាត់ត្រូវជួបបញ្ហា ហើយមិនអាចប្រឡងជាប់ តែទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រប់ភាគីក្នុងសង្គមនៅយកចិត្តទុកដាក់ ហើយផ្តល់ឱកាសជាច្រើនសម្រាប់ពួកគេ។ សិស្សដែលធ្លាក់បាក់ឌុបនៅសម័យនេះ មិនមែនអស់ផ្លូវដើរនោះទេ តាមពិតទៅគឺមានវិធីជាច្រើនណាស់ដែលគាត់អាចកសាងឧត្តមភាពសម្រាប់ជីវិតបាន ហើយពេលខ្លះអាចជោគជ័យជាងអ្នកប្រឡងជាប់ផងក៏ថាបាន ប្រសិនបើពួកគាត់ដឹងបញ្ហា ហើយចេះកែវានោះ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងមធ្យមសិក្សាទុតិយភូមិថា សិស្សដែលធ្លាក់បាក់ឌុបនៅឆ្នាំនេះ មានជម្រើសជាច្រើនដែលអាចជ្រើសរើសបាន។ ជម្រើសទី1 គឺគាត់អាចបន្តសិក្សាដើម្បីប្រឡងមួយឆ្នាំទៀត ទី2 គាត់អាចរៀនបរិញ្ញាបត្ររង និងទី3 គាត់អាចសិក្សាជំនាញបច្ចេកទេស។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «សិស្សដែលធ្លាក់បាក់ឌុប អាចសិក្សាវគ្គជំនាញជាច្រើនដែលអាចឱ្យគាត់ទទួលបានចំណូលបានសមរម្យ ហើយក៏មានវិធីសាស្ត្រជាច្រើនដែលអាចឱ្យគាត់បញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាបានដែរ»។
ថ្លែងពីបញ្ហានេះផងដែរ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានលើកឡើងថា សិស្សនៅកម្ពុជាពេលបច្ចុប្បន្ននេះមានជម្រើសច្រើនណាស់សម្រាប់ការកំណត់អាជីពនាពេលអនាគត។ សិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្តី មិនជាប់ក្តី អាចដាក់ពាក្យចូលរៀនជំនាញបច្ចេកទេសលើមុខវិជ្ជាជាច្រើនដែលកម្ពុជាកំពុងត្រូវការ។ នាពេលបច្ចុប្បន្ននេះកម្ពុជាកំពុងត្រូវការពលកម្មជំនាញមធ្យមច្រើន ហើយការសិក្សាជំនាញបច្ចេកទេសកម្រិតមធ្យមនេះ មិនចាំបាច់ទាមទារឱ្យសិស្សមានបាក់ឌុបនោះទេ។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ «ពលកម្មជំនាញមធ្យម ឬកម្មករជំនាញនាពេលបច្ចុប្បន្ននេះ អាចទទួលបានប្រាក់ខែខ្ពស់ ហើយក៏ជាមុខជំនាញដែលសង្គមកំពុងតែត្រូវការដែរ។ មានអ្នកខ្លះធ្វើការបានប្រាក់ខែខ្ពស់ហើយទើបបន្តយកវិស្វករក៏មានដែរ»។
បើតាមឯកឧត្តម ពេជ សោភ័ន សិស្សដែលប្រឡងជាប់បាក់ឌុបក្តី និងធ្លាក់បាក់ឌុប អាចមានឱកាសដូចគ្នាក្នុងការចាប់យកអាជីពការងារដែលសង្គមកំពុងត្រូវការ។ រួចបើយើងសម្លឹងមើលទៅទីផ្សារការងារទៀតសោតក៏មិនខុសគ្នាប៉ុន្មាននោះដែរ ជាឧទាហរណ៍នៅក្នុងសំណង់អគារមួយមានវិស្វករ ឬអ្នកគ្រប់គ្រងតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកគឺត្រូវការមេការសំណង់ពីរឬបីនាក់ ចុងក្រោយអ្នកដែលមានចំនួនច្រើនជាងគេនោះគឺជា កម្មករជំនាញ។ កន្លងមកដោយសារតែបញ្ហាកង្វះខាតកម្មករជំនាញ ម្ចាស់ការដ្ឋាននានាត្រូវបង្ខំចិត្តជួលកម្មករជំនាញពីបរទេស ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយច្រើនលើប្រាក់ឧបត្ថម្ភ និងប្រាក់ខែ ខណៈប្រជាជនកម្ពុជាពិបាកស្វែងរកការងារធ្វើលើផ្នែកធំ។ នៅពេលដែលសិស្ស-និស្សិតកម្ពុជា ចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស ឬវគ្គកម្មករជំនាញមធ្យម កម្ពុជានឹងអាចមានចំនួនធនធានមនុស្សគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់លើសេចក្តីត្រូវការដែលសង្គមកំពុងជួបប្រទះ។
បង្ហាញពីដំណោះស្រាយសម្រាប់សិស្សធ្លាក់បាក់ឌុបនេះ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ធ្លាប់បានលើកឡើងថា សិស្សដែលធ្លាក់បាក់ឌុបឆ្នាំនេះ និងឆ្នាំកន្លងទៅគាត់អាចស្វែងរកវិទ្យាស្ថាន ឬគ្រឹះស្ថានបច្ចេកទេសណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសជំនាញពិតប្រាកដ។ ជាជម្រើសល្អ ពួកគាត់អាចចូលរៀនថ្នាក់បរិញ្ញាបត្ររងរយៈពេល 2ឆ្នាំ ដើម្បីឱ្យមានជំនាញពិតប្រាកដមួយ បន្ទាប់មកគាត់អាចបន្តថ្នាក់បរិញ្ញាបត្របាន៕