
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាប័ណ្ណមានបុគ្គលធានា ដើម្បីលក់ និងទិញមូលបត្របំណុល ក្នុងទឹកប្រាក់ចំនួន ៣០ លានដុល្លារអាម៉េរិក នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីចុះហត្ថលេខារវាងលោក ឆារស៍ វ៉ាន់ (Charles Vann) អគ្គនាយករងរបស់ CAIC និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ ACLEDA ត្រូវបានធ្វើឡើងដោយមានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ១០ មករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ា។

អគ្គនាយករងរបស់ CAIC លោក Charles Vann បានថ្លែងថា ខ្ទង់វិនិយោគនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ដែលបច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៣០%។

