នាព្រឹកថ្ងៃទី ១០ មករានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរាជទូតជប៉ុន អញ្ជើញសម្ពោធដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការនូវកំណាត់ផ្លូវប្រវែងជាង ៨៤ គីឡូម៉ែត្រ នៃគម្រោងស្ដារផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ។
សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូក្នុងពិធីសម្ពោធនេះ ដែលប្រារព្ធឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។
កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៨៤ គីឡូម៉ែត្រ ដែលតភ្ជាប់ខេត្តបាត់ដំបង ទៅកាន់ ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ នេះ ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១។ គម្រោងនេះ ត្រូវបានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានអភិវឌ្ឍពី រាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា។ កំណាត់ផ្លូវជាង ៨៤ គីឡូម៉ែត្រ នៃគម្រោងស្ដារផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ ដែលបានស៊ីពេលអស់ ៥៥ ខែក្នុងការសាងសង់នេះ ត្រូវបានបញ្ចប់រួចរាល់កាលពីខែ កញ្ញា ២០២១៕