(ប្រទេសចិន)-បន្ទប់ពិសោធន៍បច្ចេកវិទ្យាជាន់ខ្ពស់នៅក្នុងខេត្ត Jiangsu បង្កើតបានឯតទគ្គកម្មថ្មីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មី។
បន្ទប់ពិសោធន៍ Purple Mountain នៅក្នុងទីក្រុង Nanning នៃខេត្ត Jiangsu កាលពីថ្ងៃទី ៥ មករា បានឱ្យដឹងថា ក្រុមអ្នកជំនាញដែលដឹកនាំដោយសាស្ត្រាចារ្យ You Xiaohu បានអភិវឌ្ឍបច្ចេកវិទ្យាបញ្ជូនទិន្នន័យគ្មានខ្សែជំនាន់ទី ៦ (៦G) ជាមួយនឹងល្បឿន ២០៦.២៥ gigabit/វិនាទី ជាលើកដំបូង។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនទូរគមនាគមន៍ China Mobile សហការជាមួយសាកលវិទ្យាល័យ Fudan ដោយមានការឧបត្ថម្ភថវិកាពី រដ្ឋាភិបាលចិន។
ល្បឿនខាងលើគឺជាឯតទគ្គកម្មពិភពលោកចំពោះការបញ្ជូនទិន្នន័យគ្មានខ្សែនៅលើ ហ្វ្រេកង់ terahertz (300GHz-3THz) ដែលត្រូវបានចាត់ទុកថាជាថ្នាលសម្រាប់ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទចល័ត ៦G នាពេលអនាគត នេះបើតាម Purple Mountain។ បច្ចេកវិទ្យាទំនាន់ទំនង ៦G នឹងក្លាយជាកំណែបន្ទាប់របស់ ៥G ដោយមានល្បឿនលឿនជាង ៥G រហូតដល់ចាប់ពី ១០ ទៅ ២០ ដងឯណោះ។
យោងតាម You Xiaohu បច្ចេកវិទ្យាថ្មីនេះអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងការទាក់ទងគ្នារវាងផ្កាយរណប យានអវកាស និងផែនដី។
ក្រុមហ៊ុន Huawei Technologies របស់ ចិន បានព្យាករថា ប្រព័ន្ធ ៦G អាចត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ ២០៣០។ ចំណែក Ericsson ដែលជាក្រុមហ៊ុនផលិតឧបករណ៍ ៥G លំដាប់កំពូលមួយ រំពឹងថា បទដ្ឋានដំបូងសម្រាប់ប្រព័ន្ធ ៦G នឹងត្រូវបានដាក់ចេញនៅឆ្នាំ ២០២៧។
ប្រទេសចិន គឺជាប្រទេសដែលមានស្ថានីយនៃប្រព័ន្ធ ៥G ច្រើនជាងគេក្នុងពិភពលោក។ គិតត្រឹមខែវិច្ឆិកា ២០២១ ចិន បានសាងសង់ និងដាក់ឱ្យដំណើរការស្ថានីយនេះប្រមាណ ១.៤ លានកន្លែងនៅទូទាំងប្រទេស។ ប៉ុន្តែ ការដាក់ពង្រាយប្រព័ន្ធ ៥G នាបច្ចុប្បន្ន នៅមានល្បឿនយឺតនៅឡើយ ដោយសារតែវាមានតម្លៃខ្ពស់៕