(សហរដ្ឋអាម៉េរិក)-និស្សិតម្នាក់នៅសាកលវិទ្យាល័យ Virginia បានត្រូវឆ្នោតតម្លៃ ១ លានដុល្លារអាម៉េរិក ពីអំណោយដែលម្ដាយបានឱ្យក្នុងថ្ងៃបុណ្យណែអែល ឆ្នាំ ២០២១។
Brian Donohue ដែលជានិស្សិតម្នាក់នៅសាកលវិទ្យាល័យ Virginia ក្រោកពីគេងក្នុងថ្ងៃបុណ្យណែអែល ក៏ស្រាប់តែបានប្រទះឃើញសន្លឹកឆ្នោត Bank a Million ១ សន្លឹក នៅក្នុងចំណោមកាដូដែលខ្លួនបានទទួលពីម្ដាយ។ ម្ដាយរបស់ Brian បានទិញសន្លឹកឆ្នោតនេះកាលពីថ្ងៃទី ២២ ធ្នូ ២០២១ ពីហាងទំនិញមួយនៅ Okaton។
Brian បានផ្ទៀងលេខឆ្នោត ហើយក៏ឃើញថា លេខ ៤-៨-២១-២៥-៣២-៣៥ គឺជាលេខត្រូវរង្វាន់តម្លៃ ១ លានដុល្លារក្រោយការបង់ពន្ធ។ កំលោះនេះបានទៅទទួលប្រាក់រង្វាន់កាលពីថ្ងៃទី ២៧ ធ្នូ ២០២១ ប៉ុន្តែ រហូតដល់យប់ថ្ងៃទី ៦ មករា ២០២២ ទើបព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ។ Brian ឱ្យដឹងថា នឹងប្រើប្រាស់លុយនេះដើម្បីបង់ថ្លៃសាលារៀន។
ឆ្នោត Bank a Billion ត្រូវបានបោះផ្សាយផ្ដាច់មុខនៅ Virginia និងចាប់រង្វាន់នៅថ្ងៃពុធ និងថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ នៅវេលាម៉ោង ២។ រង្វាន់ធំជាងគេរួមមាន ១ លានដុល្លារ, កន្លះលានដុល្លារ និង ២៥០,០០០ ដុល្លារ ក្រោយការបង់ពន្ធរួច។ អត្រានៃការត្រូវរង្វាន់ធំជាងគេគឺ ១/៣.៨ លាន មានន័យថា ក្នុងចំណោមសន្លឹកឆ្នោតចំនួន ៣,៨០០,០០០ សន្លឹក គឺមាន ១ សន្លឹកជារង្វាន់ធំជាងគេ៕